ធនាគារ​ពិភព​លោកបានផ្ដល់​យោបល់​ឱ្យ​ប្រទេស​វៀតណាម​ពិចារណា​អនុវត្តពន្ធ​ពិសេស ១៥៥% លើ​ភេសជ្ជៈ​ស្រវឹង​ ជាការឆ្លើយតបទៅនឹង​កំណើន​នៃចំនួនអ្នកស្លាប់​និងឈឺ​ដោយសារ​គ្រឿងស្រវឹង​ ។

ធនាគារបាន​ស្នើ​ទៅក្រសួងហិរញ្ញវត្ថុ​វៀតណាម ថា គួរយកពន្ធ​​ដាច់​ខាត ០,៦៥ដុល្លារ​ក្នុង​ ១លីត្រ​នៃគ្រឿងស្រវឹង ដោយ​បូក​បន្ថែម​ពី​លើ​ពន្ធ​ ៦៥% ក្នុង​មួយ​ផលិត​ផល ដែល​កំពុងអនុវត្ត​ស្រាប់ ។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម

ធនាគារពិភព​លោកនិយាយថា ការដំឡើងពន្ធនេះ​គឺដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ការទទួលទាន​ស្រា ឬគ្រឿងស្រវឹង​រីករាលដាល​ខ្លាំងពេក ដែល​បើ​ធ្វើ​បានមែន វិធានការនេះ​នឹង​នាំមក​នូវ​ផលវិជ្ជមាន​សម្រាប់​សុខភាពប្រជាជន ។

បច្ចុប្បន្ន ចំនួន​អ្នកស្លាប់​ដោយសារ​មូលហេតុទាក់ទិន​នឹង​គ្រឿងស្រវឹង នៅវៀតណាម គឺ ១៤០% ខ្ពស់ជាង​អត្រា​ស្លាប់ជាមធ្យម​របស់​ប្រទេស​ចំណូលមធ្យម​កម្រិត​ទាប ។ កាលពីឆ្នាំ១៩៩០ អត្រា​ស្លាប់​ទាក់ទិននឹង​គ្រឿង​ស្រវឹង​របស់​ប្រទេស​វៀតណាម គឺមានត្រឹមតែ ៥៩% ធៀបនឹង​មធ្យមភាគ​របស់​ប្រទេស​ចំណូល​មធ្យមកម្រិត​ទាប ។

ទិន្នន័យពីធនាគារ​ពិភព​លោក បង្ហាញថា អត្រា​ទទួលទាន​គ្រឿង​ស្រវឹង​ដោយ​ប្រជាជន​វៀតណាម បានកើនឡើង ១៧៧% នៅចន្លោះពីឆ្នាំ២០០៨ និងឆ្នាំ​២០២២ ។

ការកើនឡើង​នៃចំនួនអ្នកផឹក​នេះ កើតឡើងទោះបី​វៀតណាម​បាន​ដំឡើងពន្ធ​លើ​គ្រឿងស្រវឹងពី ៤៥% ដល់ ៦៥% ក្ដី ដែល​នេះបង្ហាញថា ការដំឡើង​ពន្ធពីមុន នៅមិនទាន់​គ្រប់គ្រាន់ដើម្បី​កាត់បន្ថយ​ការទទួលទាន​នៅឡើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version