
ស្ត្រីម្នាក់បានរាយការណ៍ប្រាប់ប៉ូលិសថា សុខៗ លុយជាង៣សែនដុល្លាររបស់នាងក៏ស្រាប់តែបាត់ពីក្នុងកុងធនាគាររបស់នាង ដែលលុយនេះនាងទើបតែខ្ចីពីធនាគារមួយ និងបានបើកគណនីជាមួយធនាគារដែលឱ្យខ្ចីនោះ ។
ប៉ូលិសបានបើកការស៊ើបអង្កេត និងបានរកឃើញថា លុយជិត ៣សែន ២ម៉ឺនដុល្លារ បានត្រូវគេលួចផ្ទេរចេញពីកុងធនាគារ ទៅកាន់គណនីឯកជនជាច្រើនគណនីផ្សេងៗគ្នា ដែលប្រើអាសយដ្ឋានក្លែងក្លាយ ។
ករណីនេះកើតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ហើយជនសង្ស័យគឺជាបុគ្គលិកធនាគារដែលបានជួយរៀបចំកម្ចី និងបើកកុងធនាគារឱ្យជនរងគ្រោះ ។
ជនល្មើសឈ្មោះ លួង ហ័ងជា ជនជាតិវៀតណាម និងជាបុគ្គលិកផ្នែកឥណទាននៅក្នុងធនាគារ បានសារភាពប្រាប់ប៉ូលិសថា ដោយសារតែអតិថិជនអត់ចេះបច្ចេកវិទ្យា ខ្លួនក៏បានជួយបង្កើតកុងធនាគារឱ្យដើម្បីផ្ទេរប្រាក់កម្ចីចូលក្នុងគណនីនោះ រួចហើយក៏បានលួចព័ត៌មានទាក់ទងនឹងឈ្មោះនិងលេខកូដសម្ងាត់ ។
យោងតាមសារព័ត៌មានវៀតណាម ជនល្មើសបានអះអាងថា ខ្លួនបានប្រព្រឹត្តបទល្មើសនេះដោយបានជួលឧក្រិដ្ឋជនជាជនជាតិខ្មែរ ដើម្បីផ្ទេរប្រាក់ចេញចូលទៅមកច្រើនគណនីធនាគារ ។ ហើយលើកមុនៗ បន្ទាប់ពីការងារបានសម្រេចហើយ ជនល្មើសបានបោះចោលទូរសព្ទដៃរបស់ខ្លួនទៅក្នុងប្រឡាយទឹក ដើម្បីកុំឱ្យគេចាប់ដានបាន ។
ក្នុងទឹកប្រាក់ដែលបាត់ជិត ៣សែន២ម៉ឺនដុល្លារ ឬ ៨ពាន់លានដុង (លុយវៀតណាម) ប៉ូលិសបានបង្កកកុងធនាគារមួយចំនួន និងរឹបអូសបានប្រាក់ប្រហែល ៣ពាន់លានដុងមកវិញ ៕


