ជាគំនិតផ្ដួច​ផ្ដើម​ថ្មី​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​មក​រកស៊ី​នៅ​ស្រុក​ផង់​ខ្លួន ឥណ្ឌូណេស៊ី​បានដាក់​ចេញ​នូវ​កម្មវិធី​ទិដ្ឋាការ​រយៈពេលវែង សម្រាប់​ផ្ដល់​ឱ្យ​ជនបរទេស​ណា​ដែល​មក​រកស៊ី​នៅ​ប្រទេសសេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​អាស៊ី​មួយ​នេះ ។

វិនិយោគិនបរទេសជាបុគ្គល ដែលមករកស៊ីនៅឥណ្ឌូណេស៊ី ដោយបោះទុន ២លាន ៥សែនដុល្លារឡើង នឹងទទួលបានទិដ្ឋាការ ៥ឆ្នាំ ។ ចំពោះទិដ្ឋាការ ១០ឆ្នាំវិញ វិនិយោគិនជាបុគ្គលត្រូវបោះទុន
វិនិយោគ ៥លានដុល្លារ ។

ចំពោះក្រុមហ៊ុនវិនិយោគវិញ ដើម្បីបានទិដ្ឋាការ ៥ឆ្នាំសម្រាប់ក្រុមប្រឹក្សាភិបាលនិងមន្ត្រីរបស់ខ្លួន ត្រូវបោះទុនវិនិយោគ ២៥លានដុល្លារ ។ បើទិដ្ឋាការ ១០ឆ្នាំវិញ ត្រូវដាក់ទុនវិនិយោគ ៥០លានដុល្លារ ។

ជនបរទេសជាបុគ្គលដែលមិនចង់បើកក្រុមហ៊ុនរកស៊ីនៅឥណ្ឌូណេស៊ីទេ ប៉ុន្តែ ចង់បានទិដ្ឋាការរយៈពេលវែងដូចខាងលើ ក៏អាចធ្វើបានដែរ ដោយទិញជាបណ្ណបំណុលរបស់រដ្ឋ ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ប្រាក់កក់ ពី ៣៥ម៉ឺនដុល្លារ ដល់ ៧០ម៉ឺនដុល្លារ ។

នៅជុំវិញពិភពលោក មានប្រទេសជាច្រើនបានអនុវត្តកម្មវិធីទិដ្ឋាការមាសនេះ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនដែរ ដែលលុបកម្មវិធីបែបនេះចោលវិញ ដូចជា កាណាដា អង់គ្លេស និងសិង្ហបុរី ដោយគេយល់ឃើញថា ការវិនិយោគតាមរយៈកម្មវិធីទិដ្ឋាការមាសនេះ មិនបង្កើតការងារឱ្យប្រជាជនទេ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version