បំណុល​គ្រួសារ​​ដែល​កើនឡើង​ខ្ពស់ ក្នុងនោះរួមទាំង​កម្ចីដែលខូចនៅក្នុងវិស័យ​លំនៅឋាន យានយន្ត បណ្ណឥណទាន និង​កម្ចី​សម្រាប់និស្សិត បានជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។

បើ​តាមការផ្សាយរបស់ VNA ខុទ្ទកាល័យ​សេដ្ឋកិច្ច​ថៃ​បាន​ណែនាំ​ឱ្យក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារ​ថៃ​ពន្លឿន​ការដោះស្រាយបញ្ហាបំណុលគ្រួសារ ក្នុងនោះរួមទាំង​បំណុលដែលខូចផងដែរ ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​បាននិយាយថា នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់​ចេញ​ការណែនាំ​ដល់​ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យពន្លឿន​ការដោះស្រាយ​បញ្ហា​ធ្លាក់ចុះសេដ្ឋកិច្ច​ដោយសារតែ​គេនៅមិនទាន់​មើល​ឃើញពីសញ្ញាណាមួយ​បង្ហាញថា​សេដ្ឋកិច្ច​ងើបឡើងវិញឡើយ ។

បញ្ហាដែលធំបំផុត គឺបញ្ហាបំណុលមិនល្អ​នៅក្នុង​វិស័យ​លំនៅឋាន និង​សហគ្រាស​ធុន​តូច​​និងមធ្យម ជាពិសេស បំណុលគ្រួសារធ្ងន់ធ្ងរ ។

តួលេខរដ្ឋាភិបាលថៃ បង្ហាញថា បំណុលគ្រួសារ​មានចំនួន​ដល់ទៅ ៣៧២​ពាន់លានដុល្លារអាមេរិក ដែល​ស្មើនឹង​ ៩០% នៃ​ GDP ក្នុងនោះជិត ១០% គឺជាបំណុលមិន​ល្អ ។

ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅឋាន ធនាគារ​លំនៅឋាន​រដ្ឋ​ត្រូវបានណែនាំ​ឱ្យ​ពន្យារពេល​សង​បំណុល​ទិញផ្ទះ ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល​ក៏នឹង​ស្នើ​ឱ្យធនាគារពាណិជ្ជ​ជួយ​ដល់​អ្នក​ខ្ចី​ដែលមាន​បញ្ហា​សងបំណុលផងដែរ ដោយ​ពន្យារពេលសង​បំណុល និង​កាត់បន្ថយ​ការសង​ប្រាក់ដើម​ ។

ចំពោះបំណុល​ក្នុងវិស័យ​បណ្ណ​ឥណទានវិញ ប្រព័ន្ធ​របស់ប្រទេសថៃមាន​បណ្ណ​ឥណទានសរុប ២៤លាន​បណ្ណ ក្នុងនោះ ១,៤លាន​បណ្ណ​កំពុងជាប់បំណុល ហើយ​ចំនួននេះ​ត្រូវគេរំពឹងថានឹងកើនឡើងដល់ ២ ទៅ ៣លាន​បណ្ណ ។

បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ រាល់វិធានការ​ដោះស្រាយបំណុល​អាក្រក់ទាំងអស់ នឹងត្រូវអនុវត្ត​បន្ទាន់ និង​ឱ្យ​បានឆាប់រហ័ស​តាមដែលអាចធ្វើទៅបាន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version