ផ្តើមចេញពីគ្រួសារដែលចូលចិត្តទទួលទានមីធ្វើក្នុងស្រុក ឬហៅថាមីល្ពៅ នៅអំឡុងឆ្នាំ២០១៩ មីល្ពៅបានចាប់ផ្ដើមល្បីសុសសាយខ្លាំង និងមានប្រភពមកពីខេត្តបាត់ដំបង ។

អ្នកនាង ធុច សុគន្ធា បានរៀបរាប់ប្រាប់ ពិត មេឌា យ៉ាងដូច្នេះថា ដំបូងឡើយ អ្នកនាងនិងគ្រួសារចូលចិត្តទទួលទានមីខ្លាំងមែនទែន ដោយមួយសប្តាហ៍កុម្មង់ម្តង មិនឲ្យដាច់ពីចង្រ្កានបាយឡើយ ។ ប៉ុន្តែ ពេលកុម្មង់ម្តងៗពិបាក ណាមួយផ្លូវឆ្ងាយទៀត ធ្វើឲ្យមីខូចនិងបែកបាក់ជាដើម ដូច្នេះ អ្នកនាងគិតថាបើអាចកែច្នៃមីល្ពៅបានដោយខ្លួនឯង ប្រហែលជាល្អខ្លាំង ។

អ្នកនាងបានបន្តថា «ពេលខ្ញុំចាប់ផ្តើមកែច្នៃមីល្ពៅដំបូងៗ ជួបបញ្ហាច្រើនខ្លាំងមែនទែន ហើយបញ្ហាទាំងនោះ ដូចជា វត្ថុធាតុដើម គ្រឿងផ្សំ និងម៉ាស៊ីនផលិត ជាដើម ដែលតម្រូវឲ្យខ្ញុំធ្វើបណ្តើរស្រាវជ្រាវបណ្តើរ ហើយបញ្ហាពិតជាបង្រៀនមនុស្ស ។»

ទោះបីជួបការលំបាកច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ អ្នកនាងមិនបោះបង់ឡើយ រហូតដល់អ្នកនាងអាចកែច្នៃមីល្ពៅបានសម្រេច ចេញពីការស្រាវជ្រាវនិងរូបមន្តផ្ទាល់ខ្លួន ហើយបានដាក់ឲ្យគ្រួសារនិងមិត្តភ័ក្តិសាកល្បងទទួលទាន បន្ទាប់មកក៏ទទួលបានការគាំទ្រ និងជំរុញខ្លាំងពីមនុស្សជុំវិញខ្លួន ។

ស្រ្តីវ័យប្រមាណជាង៣០ឆ្នាំរូបនេះ បានបន្ថែមទៀតថា នៅពេលដែលមានអ្នកគាំទ្រខ្លាំង អ្នកនាងចាប់ផ្តើមស្រាវជ្រាវរូបមន្តកែច្នៃមីថ្មីៗបន្ថែមទៀត ពោលគឺក្រៅពីមីរសជាតិល្ពៅ អ្នកនាងក៏អាចផលិតបានមីជាច្រើនរសជាតិថែមទៀត មានដូចជា មីរសជាតិត្រាវ មីរសជាតិដំឡូង និងមីរសជាតិគុយឆាយ ជាដើម ។

ចុងឆ្នាំ២០១៩ ស្រ្តីដែលមានឈាមជ័រជាអ្នករកស៊ីរូបនេះ បានបង្កើតសិប្បកម្មកែច្នៃមីល្ពៅបានដោយខ្លួនឯង ពោលគឺចាប់ផ្តើមពង្រីកការផលិត គុណភាព អនាម័យ និងជាពិសេស បំពេញតម្រូវការទីផ្សារនៅក្នុងស្រុក ។

បច្ចុប្បន្ន ម៉ាកយីហោ មីម៉ែដាំ បានចែកចាយនៅលើទីផ្សារជាច្រើនខេត្តក្រុង មានទាំងកំពង់សោម កណ្តាល បាត់ដំបង សៀមរាប និងតាមផ្សារម៉ាតនៅទីក្រុងភ្នំពេញ ដែលតម្រូវការភាគច្រើននោះគឺហាងស៊ុប ខណៈមួយថ្ងៃ ជាមធ្យម មីម៉ែដាំ អាចផលិតនិងផ្គត់ផ្គង់នៅលើទីផ្សារបានចន្លោះពី ៧០កញ្ចប់ទៅ១០០កញ្ចប់ ដែលអាចទុកបានរយៈពេល ៦ខែ ។

ជាកូនអ្នកនៅភ្នំពេញ អ្នកនាង ធុច សុគន្ធា បានបញ្ជាក់ថា រាល់វត្ថុធាតុដើមដែលយកមកកែច្នៃមី ដូចជា ផ្លែល្ពៅ ត្រាវ គុយឆាយ ម្សៅដំឡូងមី គឺសុទ្ធតែយកមកពីក្នុងស្រុកទាំងអស់ ពោលគឺមានម៉ូយតាមខេត្តដែលចាំយកមកផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានតិចនិងច្រើន អាស្រ័យទៅលើការកុម្មង់របស់ភ្ញៀវ ហើយការកែច្នៃមីនេះដែរ គឺស្របទៅតាមស្តង់ដាអនាម័យចំណីអាហារនៅកម្ពុជា ។

គួរបញ្ជាក់ថា នៅថ្ងៃខាងមុខ យីហោ មីម៉ែដាំ មានមហិច្ឆតាចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយបង្កើតការងារ និងបង្កើនការទិញកសិផលពីកសិករដែលជាអ្នកដាំដុះ ជាពិសេសនោះ ជាអត្តសញ្ញាណផលិតរបស់ជាតិ ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version