បើនិយាយទៅដល់ខេត្តកំពង់ស្ពឺ ផលិតផលតំណាងខេត្តមួយនេះគឺដើមត្នោតឬស្ករត្នោតនេះឯង ដោយសារតែខេត្តមួយនេះសម្បួរទៅដោយដើមត្នោតដុះស្ទើរតែគ្រប់ទីកន្លែង ដែលប្រជាជននៅតាមភូមិស្រុកអាចអាស្រ័យផលលើរុក្ខជាតិនេះ តាំងពីគល់រហូតដល់ស្លឹក សុទ្ធសឹងតែមានប្រយោជន៍ទាំងអស់ ។

លោក ប៊ុន វុធឌីកា បច្ចុប្បន្ន គឺជាម្ចាស់ហាងនំបុ័ងត្នោតឈ្មោះថា Chrizt Ben បានរៀបរាប់ថា «សម្រាប់ហាងនំបុ័ង Chrizt Ben ដែលបង្កើតឡើងនេះ យើងចាត់ទុកថាជាកាកើតឡើងដោយមានការគិតទុកជាមុន ដែលយើងធ្វើអ្វីក៏ដោយត្រូវតែមាន plan មានន័យថា ជាកាស្រឡាញ់ចូលចិត្តផងដែរ ជាការចូលចិត្តក្នុងការញ៉ាំនំបុ័ង មួយទៀតចង់បានរក្សានូវផលិតផលជាតិយើង កុំឲ្យបាត់បង់ ជាពិសេស ខ្ញុំគិតដល់រឿងដើមត្នោត ដែលគេតែងតែកាប់ឡើងចង់អស់ពីប្រទេស គឺគេប្រើយុទ្ធសាស្រ្តកាប់យកចេញទៅដើម្បីបានលុយ ។»

នំប៉័ងធ្វើពីផ្លែត្នោតទុំ
នំប៉័ងស្នាដៃកូនខ្មែរ​ធ្វើពីផ្លែត្នោតទុំ ។

បុរសមានដើមកំណើតជាកូនអ្នកកំពង់ស្ពឺរូបនេះ បានបន្តទៀតថា Chrizt Ben បានបង្កើតឡើងបើគិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា៤ឆ្នាំហើយ ដោយកើតចេញពីការចូលចិត្តទទួលទាននំប៉័ង និងមានជំនាញខ្លះៗក្នុងការធ្វើនំប៉័ង ហើយក៏នឹកឃើញកែច្នៃផ្លែត្នោតទុំ ដែលកន្លងទៅ តែងតែជ្រុះចោលនៅតាមវាលស្រែ យកមកច្នៃធ្វើនំប៉័ង ឃើញថា មានរសជាតិឆ្ងាញ់ ប្លែក ហើយក៏ចាប់ផ្តើមមានម៉ូយចូលចិត្តទទួលទានច្រើនទៅៗ ។

ក្រៅពីនំប៉័ងត្នោតដែលជាផលិតផលប្រចាំហាង លោកបានកែច្នៃនំប៉័ងរសជាតិខ្វិតផងដែរ និងនំប៉័ងជាច្រើនប្រភេទទៀត ដែលច្នៃចេញពីទឹកដៃយ៉ាងចំណានរបស់លោកផ្ទាល់ សម្រាប់ដាក់លក់ក្នុងហាង Chrizt Ben ដែលមានសាខាបីកន្លែងនៅក្នុងទីក្រុងភ្នំពេញ និងបានបោះទៅឱ្យម៉ាតលំដាប់អន្តរជាតិ គឺ 7-Eleven ថែមទៀត ។

បុរសវ័យប្រមាណជា៤០ឆ្នាំ សម្តីមុតរូបនេះ នៅតែមានការខ្វាយខ្វល់ជាខ្លាំង ថ្វីបើលោកជាចំណែកតូចមួយក្នុងការលើកស្ទួយផលិតផលតំណាងខេត្តកំពង់ស្ពឺក៏ពិតមែន ប៉ុន្តែ លោកនៅតែមានការព្រួយបារម្ភចំពោះការកាប់បំផ្លាញដើមត្នោតនៅតាមទីស្រែចម្ការលក់ឲ្យឈ្មួញដើម្បីយកទៅធ្វើគ្រឿងសង្ហារិមផ្សេងៗ ។

លោក ប៊ុន វុធឌីកា បានសង្កត់ធ្ងន់ថា «អ៊ីចឹង ដើមត្នោតមិនមែនជារឿងងាយទេសម្រាប់ក្នុងការដាំ វាប្រើរយៈពេល២០ ទៅ ៣០ឆ្នាំ ទើបបានទទួលផល អ៊ីចឹង យើងកាប់តែរយៈពេលប៉ុន្មាននាទី វាគួរឲ្យសោកស្តាយ ហើយក្នុងដើមត្នោតនោះ វាបានទាំងប្រយោជន៍ច្រើន តាំងពីឫសរហូតដល់ស្លឹក អ៊ីចឹងខ្ញុំអាចទាញប្រយោជន៍បានពីត្នោតហ្នឹងបានបន្តិចបន្តួច គឺផ្លែត្នោតទុំសម្រាប់យកមកធ្វើនំបុ័ងតែប៉ុណ្ណឹង ក៏ខ្ញុំអាចជួយទប់នូវការកាប់បំផ្លាញដើមត្នោតផងដែរ ។»

គួរបញ្ជាក់ថា យីហោនំប៉័ង Chrizt Ben ក្រៅពីជួយលើកស្ទួយផលិតផលនៅក្នុងស្រុក យីហោមួយនេះ មានមហិច្ឆតាខ្ពស់ គឺចង់នាំផលិតផលនំប៉័ងត្នោតទៅបង្អួតបរទេស និងដាក់លក់នៅតាមផ្សារម៉ាតធំៗ នៅក្រៅប្រទេស ដើម្បីបង្ហាញថាកម្ពុជាក៏អាចកែច្នៃផលិតផលរបស់ខ្លួនដែលមានគុណភាព មិនចាញ់ប្រទេសជិតខាងឡើយ ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version