ដោយសារតែជីវភាពមិនសូវល្អប្រសើរ អ្នកស្រី ធីម គន្ធា ជាមួយនឹងស្វាមី បានសម្រេចចិត្តចាកឆ្ងាយពីមាតុភូមិ ដោយរំពឹងថានឹងអាចជួយសម្រួលជីវភាពគ្រួសារបានមួយផ្នែក ដោយចំណាកស្រុកទៅធ្វើការងារនៅឯរោងចក្រកែច្នៃសាច់មួយកន្លែងនៅក្នុងប្រទេសថៃ ។

ថ្វីបើជាអ្នកធ្វើការចំណាកស្រុកក៏ពិតមែន ប៉ុន្តែ អ្នកស្រី គន្ធា តែងតែសន្សំចិត្តនិងលួចរៀនសូត្រពីកន្លែងធ្វើការជានិច្ច ហើយមានមហិច្ឆតាថា ថ្ងៃណាមួយ នឹងត្រឡប់មកកម្ពុជាវិញ ហើយបើកសិប្បកម្មកែច្នៃសាច់ក្នុងស្រុកខ្លួនឯងឱ្យបាន ។

ថែ្លងទាំងទឹកមុខរំភើប អ្នកស្រី ធីម គន្ធា រៀបរាប់យ៉ាងដូចច្នេះថា «ការកកើតដំបូងឡើយ នាងខ្ញុំជាពលករចំណាកស្រុក ការចំណាកស្រុក គឺយើងទៅធ្វើការនៅកន្លែងគេកែច្នៃសាច់អ៊ីចឹង ហើយបន្ទាប់មកគំនិតដែលចាប់ផ្តើមដំបូងហ្នឹង ដោយសារតែមានការបញ្ជាទិញហ្នឹងពីស្រុកខ្មែរយើងទៅ អ៊ីចឹង យើងក៏មានគំនិតថា បើសិនជាយើងត្រឡប់មក យើងកកើតធ្វើបាន គឺយើងអត់ចាំបាច់ចំណាកស្រុកទៀត ។»

ជីវិតជាធ្វើការជាពលកររយៈពេលប្រមាណជា៥ឆ្នាំ ស្រី្តដែលមានឈាមជ័រជាអ្នករកស៊ីរូបនេះ បានបន្តថា បន្ទាប់ពីមានចំណេះជំនាញខាងកែច្នៃសាច់ និងដើមទុនខ្លះៗ ទើបអំឡុងឆ្នាំ២០១៦ អ្នកស្រីនិងស្វាមីបានត្រឡប់មកកម្ពុជាវិញ ។ ពេលត្រឡប់មកដល់កម្ពុជា មិនបង្អង់យូរ ពោលគឺអ្នកស្រីយកជំនាញទាំងនោះមកកែច្នៃជាសាច់ចង្កាក់ដើម្បីដាក់រឺម៉កលក់ ប៉ុន្តែ ដំបូងៗ មិនសូវជាមានអ្នកគាំទ្រឡើយ ដោយសារតែមិនសូវមានអ្នកស្គាល់ និងនិយមចូលចិត្តទទួលទាន ។

និយាយអួលដើមកផង សើចផង ស្រ្តីវ័យជាង៣០ឆ្នាំរូបនេះ បន្តថា «កាលពីដំបូង កាលពីដំបូង មានការគាំទ្រច្រើនអត់ គឺអត់ហ្មង ដោយសារនិយាយពីដំបូង ពេលខ្ញុំធ្វើ មួយថ្ងៃ ខ្ញុំទៅទិញសាច់គេតែ៥គីឡូអី ១០គីឡូអី ក៏លក់អត់អស់ អត់ដឹងថាយកទៅលក់នៅណាទេ ព្រោះកាលពីដំបូង ដែលយើងគិតថាធ្វើហ្នឹង យើងគិតថាធ្វើជារឺម៉កអាំងលក់ ដោយសារតែយើងចេញមកយើងអត់បទពិសោធន៍ក្នុងការរកស៊ីសោះ ព្រោះយើងជាកូនកសិករ បន្ទាប់ពីកសិករយើងទៅស៊ីឈ្នូលគេ ហើយចេញពីស៊ីឈ្នូលគេ យើងមានគំនិតរកស៊ី អ៊ីចឹង ការរកស៊ីសូម្បីការអូសរឺម៉កលក់ហ្នឹង មើលទៅអត់ទំនង អត់ដឹងធ្វើម៉េចទេ ។»

សាច់ចង្កាក់អាំង
សាច់ចង្កាក់​ពី​សិប្បកម្ម​ ជីលីណា

ទោះបីជាយ៉ាងណាក៏ដោយ ដើមកំណើតកូនអ្នកខេត្តកំពង់ចាមរូបនេះ មិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញ អ្នកស្រីបានព្យាយាមកែច្នៃសាច់ក្នុងស្រុកធ្វើជាអាហារប្លែកៗ ថតរូបភាព និងវីដេអូបង្ហោះនៅលើបណ្តាញសង្គម ។ មិនយូរប៉ុន្មាន មនុស្សចាប់ផ្តើមចង់ស្គាល់ ចង់សាក ហើយចាប់ផ្តើមងាកមកគាំទ្រការកែច្នៃសាច់នៅក្នុងស្រុក ។ ហើយបន្ទាប់ពីមានការគាំទ្រ ស្របពេលដែលមានភ្ញៀវក្នុងដៃស្រាប់ ការកកើតជាសិប្បកម្មក៏ចាប់ផ្តើមលេចចេញមក ដោយជ្រកនៅក្រោមយីហោមានឈ្មោះថា សិប្បកម្មជីលីណា ។ ការចាប់ផ្តើមបង្កើតទៅជាសិប្បកម្ម គឺតម្រូវឲ្យមានការកែច្នៃនិងបង្កើនការផលិត រួមទាំងគុណភាពផលិតផលផងដែរ ដោយអាចកែច្នៃសាច់បានជាច្រើនប្រភេទ ដូចជា សាច់ជ្រូក សាច់មាន់ សាច់គោ ជាដើម ប្រមាណជាង ១០មុខ ។

សកម្មភាពច្នៃសាច់នៅក្នុង​សិប្បកម្ម​ ជីលីណា ។

បច្ចុប្បន្ន សិប្បកម្មជីលីណា ដែលត្រូវបានគេស្គាល់ថា ជាសិប្បកម្មកែច្នៃនិងគាំទ្រតែសាច់ក្នុងស្រុក យីហោកូនខ្មែរមួយនេះ បានចែកចាយសាច់ស្ទើរតែ២៥ខេត្តក្រុង ជាពិសេស តាមភោជនីយដ្ឋាន និងផ្សារទំនើបតូចធំក្នុងប្រទេសកម្ពុជា បន្ថែមពីនេះទៅទៀត ជីលីណា អាចមានសមត្ថភាពផលិតនិងលក់ទៅលើទីផ្សារជាមធ្យមចន្លោះពី ៤០០ ទៅ ៥០០គីឡូក្នុងមួយថ្ងៃ ហើយសម្រាប់ថ្ងៃបុណ្យទានវិញអាចឈានរហូតដល់ ១តោនក៏មានដែរ ។

សិប្បកម្មជីលីណា មានមហិច្ឆតាធំ មិនត្រឹមតែជួយគាំទ្រផលិតផលនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែយីហោកូនខ្មែរមួយនេះត្រៀមផលិតនូវផលិតផលថ្មីៗ ជាពិសេស កែច្នៃចំណីអាហារសម្រេចជាច្រើនប្រភេទទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមកាត់បន្ថយផលិតផលនាំចូលថែមទៀតផង ៕

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version