
ប្រទេសថៃបានដាក់ចេញនូវគោលដៅដ៏មហិច្ឆតាមួយ គឺសម្រេចបានជើងហោះហើរ ១លានជើង នៅទូទាំងប្រទេស នៅឆ្នាំក្រោយនេះ ។
គោលដៅនេះត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបីរបស់ព្រលានយន្តហោះ សុវណ្ណភូមិ កាលពីដើមខែតុលា ។
នេះជាផ្នែកមួយនៃគោលដៅធំរបស់រដ្ឋាភិបាលថៃ ដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលអាកាសចរណ៍របស់តំបន់ និងជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅអាស៊ានមួយនេះ ។
បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុងឆ្នាំសារពើពន្ធ ២០២៤នេះ ជើងហោះហើរនៅទូទាំងប្រទេស មានចំនួនសរុប ៨៣៦.៥១៣ជើង កើនឡើង ១៦% បើធៀបនឹងឆ្នាំ២០២៣ ។
ព្រលានយន្តហោះសុវណ្ណភូមិ ដែលជាច្រកចេញចូលអន្តរជាតិសំខាន់ជាងគេរបស់ប្រទេសថៃ ទទួលបានជើងហោះហើរ ៣៤៨.៩៨០ជើង នៅឆ្នាំ២០២៤ ឬជាមធ្យម ៩៥០ជើង ក្នុងមួយថ្ងៃ ដែលចំនួននេះឡើងជិតស្មើនឹងចំនួននៅមុនផ្ទុះជំងឺកូវីដ-១៩វិញហើយ ៕


