
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហាក់កំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាប្រទេសរបស់ខ្លួន ដោយផ្ដល់ការលើកទឹកចិត្តផ្សេងៗ ជាពិសេស គោលនយោបាយទិដ្ឋាការពិសេស ។
ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញទេសចរចិន គឺប្រទេសថៃ ដោយក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍ទេសចរចិនបាន ៣,៤៣លាននាក់ ។
បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ថៃដណ្ដើមបានលេខ១ជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ទេសចរចិន ។
ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយទទួលបានទេសចរចិន ១,៨៩លាននាក់ ។ សិង្ហបុរីឈរនៅលេខ៣ ដោយទទួលបានទេសចរចិន ១,៤៥លាននាក់មកទស្សនាប្រទេសផង់ខ្លួន ចំណែកឯម៉ាឡេស៊ីទទួលបានភ្ញៀវទេចរ ១,៤៤លាននាក់ ប្រកៀកប្រកិតគ្នានឹងសិង្ហបុរីដែរ ។
ឥណ្ឌូណេស៊ីទទួលបានទេសចរចិន ជាងកន្លះលាននាក់ ឡាវបានជាងកន្លះលាននាក់ដែរ រីឯកម្ពុជាវិញ ទទួលបានភ្ញៀវទេសចរចិនបាន ជិត ៤សែននាក់ ។
តួលេខទាំងនេះគិតត្រឹមក្នុងអំឡុងពេល ៦ខែ ពោលគឺពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
កត្តាមួយដែលគេគិតថាជាការទាក់ទាញចំពោះទេសចរចិន គឺការផ្ដល់លក្ខខណ្ឌទិដ្ឋាការពិសេស ។
តួយ៉ាង ប្រទេសថៃបានកំណត់ឱ្យទេសចរចិនចូលមកប្រទេសផង់ខ្លួនដោយមិនបាច់មានទិដ្ឋាការ ហើយថៃរំពឹងថា រហូតដល់ដាច់ឆ្នាំនេះ គេនឹងទទួលបានទេសចរចិន ដល់ទៅ ៨លាននាក់ ។
ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងឥណ្ឌូណេស៊ី ក៏បានផ្ដល់គោលនយោបាយទិដ្ឋាការពិសេសតាមបែបរៀងៗខ្លួន ដល់ទេសចរចិនផងដែរ ៕


