តម្លៃអង្ករពីប្រទេសថៃ នៅសប្ដាហ៍នេះ បានធ្លាក់ចុះខ្លាំងបំផុត គិតត្រឹមរយៈកាលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធនាំចូលទំនិញពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោករួមទាំងពីកម្ពុជាផង។
ទន្ទឹមនឹងនេះ តម្លៃអង្ករនាំចេញរបស់ឥណ្ឌា ក៏បានធ្លាក់ចុះផងដែរ ដោយសារតែបញ្ហាធ្លាក់ចុះការបញ្ជាទិញ ។

សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូល ៣៦% សម្រាប់ទំនិញនាំចូលពីប្រទេសថៃ និង ២៦% សម្រាប់ទំនិញនាំចូលពីប្រទេសឥណ្ឌា ។
អង្ករបាក់ ៥% របស់ប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ៣៩៥ ទៅ ៤០០ ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតគិតត្រឹមពីខែ មករា ឆ្នាំ ២០២២ ។
ចំណែកឯអង្ករស្ងោ បាក់ ៥% របស់ប្រទេសឥណ្ឌាវិញ បានធ្លាក់តម្លៃមកនៅត្រឹម ៣៩២ ទៅ ៤០០ ដុល្លារក្នុងមួយតោន ដោយសារតែបញ្ហាធ្លាក់ចុះនូវការបញ្ជារទិញពីបណ្ដាទីផ្សារនានា នៅអាហ្វ្រិក។ ចំណែកអង្ករស បាក់ ៥% របស់ប្រទេសឥណ្ឌាវិញ នៅសប្ដាហ៍នេះ បានធ្លាក់ចុះ មកនៅត្រឹម ៣៨០ ទៅ ៣៨៥ ដុល្លារក្នុងមួយតោន។
អ្នកបញ្ជាទិញអង្ករនៅបរទេស កំពុងតែជួបបញ្ហាខាតបង់ប្រាក់ចំណេញ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៅតម្លៃអង្ករ ក្នុងរយៈកាលប៉ុន្មានសប្ដាហ៍មកនេះ ដូច្នេះ អ្នកបញ្ជាទិញកំពុងបង្កើនការប្រុងប្រយ័ត្នក្នុងការបញ្ជាទិញបន្ថែមទៀត ។
ចំណែកឯអង្ករបាក់ ៥% របស់វៀតណាមវិញ យោងតាមការលើកឡើងរបស់ឈ្មួញ បានឲ្យដឹងថា មានតម្លៃចន្លោះពី ៤០៥ ទៅ ៤១០ ដុល្លារក្នុងមួយតោន ។