ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនព្រមដកថយឡើយ ចំពោះរឿងយកពន្ធនាំចូលទំនិញនានាមកពីបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិកឡើយ លុះត្រាតែបណ្ដាប្រទេសទាំងនោះធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ។
លោកដូណាល់ ត្រាំ កំពុងតែក្រាញននៀលអនុវត្តផែនការពន្ធរបស់លោក ដែលកំពុងតែបង្កភាពរំជើបរំជួលលើទីផ្សារអន្តរជាតិ ហើយបានបង្កឲ្យមានក្ដីបារម្ភថា ពិភពលោកអាចជួបនឹងវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មសាកលលោកក្រឡាប់ចាក់ ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វិធានការរបស់លោកនេះ គឺប្រៀបបាននឹងការលេបថ្នាំដើម្បីដោះស្រាយបញ្ហា។
គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ បានប្រកាសថា នឹងដំឡើងពន្ធរហូតដល់ទៅ ៤៩% សម្រាប់ទំនិញ ដែលនាំពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ។

បណ្ដាប្រទេសនានា រាប់ទាំងកម្ពុជាផង កំពុងរិះរកមធ្យោបាយដើម្បីឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ ដោយក្នុងនោះ ប្រទេសចិន និងប្រទេសមួយចំនួនបានតបតត្រលប់ទៅវិញ ភ្លាមៗ ជាមួយនឹងការដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិកផងដែរ។