ធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរដ៏ធំជាងគេនៅកម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ បានផ្ញើសារជូនពរទៅកាន់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួន ព្រមទាំងបានប្រកាសពីការប្តេជ្ញាចិត្ត នឹងនាំមកនូវភាពច្នៃប្រឌិត និងនវានវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជន និងសាធារណជន ឲ្យបានកាន់តែងាយស្រួល និងទូលំទូលាយ។

នាឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចូលឆ្នាំថ្មី ចូល​ឆ្នាំសកល ឆ្នាំ២០២៥ លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា, និយ័តករ​មូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំង​ដៃគូសហការ អាជីវកម្ម និងអតិថិជនជាទីគោរពស្រឡាញ់ទាំងអស់របស់អេស៊ីលីដា។

អស់រយៈពេលជាងបី ទស្សវត្សរ៍មកហើយ ដែលធនាគារអេស៊ីលីដា បានរួមចំណែកយ៉ាងផុសផុលក្នុងការ​ផ្ដល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបទាន់សម័យកាល ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់​រួមទាំង​ការចូលរួម​​នៅក្នុងកិច្ចការសង្គមនានាផងដែរ។

លោកស្រី​ សុខ សោភា មានប្រសាសន៍បន្ថែមទៀតថា «ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ធនាគារ​អេស៊ីលីដា តែងបន្ដលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញនវានវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអភិវឌ្ឍផលិតផល-សេវាកម្មធនាគារ ដើម្បីបំពេញតម្រូវការនិង បម្រើជូនអតិថិជន-សាធារណជន ឲ្យកាន់តែមានភាពងាយស្រួល និងកក់ក្តៅបំផុត ។ នៅឆ្នំាថ្មីនេះ ធនាគារ ​អភិវឌ្អេប​អេស៊ីលីដា ឲ្យក្លាយជា​ អេស៊ីលីដា ស៊ូភើអេប (ACLEDA Super App) សេវាទាំងអស់ស្ថិតក្នុងដៃលោកអ្នក (All-In Services in One Hand) ប្រកបដោយសុវត្ថិភាពខ្ពស់​បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដៃគូអាជីវកម្ម នាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងចូលរួម​គាំទ្រ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងការបង្ហាញពីការប្តេជ្ញាចិត្តបន្ដការអភិវឌ្ឍ​ប្រតិបត្តិការកាន់តែប្រសើរឡើងនៅឆ្នាំថ្មីនេះ លោកស្រី សុខ សោភា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់កម្មករនិយោជិត​គ្រប់លំដាប់ថ្នាក់​ដែលបានបំពេញការងារ​ប្រកបដោយថាមវន្ដ ប្រាជ្ញាឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ច ស្របតាមទស្សនៈ និងបេសកកម្ម និងគតិពេចន៍របស់ធនាគារអេស៊ីលីដា ដោយទទួលបាន​នូវសមិទ្ធផល​ការងារតាមការរំពឹងទុក៕ ​

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version