
បុគ្គលិកធនាគារអេស៊ីលីដា ប្រមាណ ៦៧០ នាក់បានចូលរួមបរិច្ចាគឈាម ក្នុងឆ្នាំ ២០២៤ នេះ ហើយនេះជាឆ្នាំទី ៨ ហើយដែលអេស៊ីលីដា រៀបចំឱ្យបុគ្គលិកស្ម័គ្រចិត្តចូលរួមផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតនោះ ។
ការបរិច្ចាគឈាមនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខារបស់ធនាគារអេស៊ីលីដា ទូទាំងប្រទេស ដោយមានកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។
លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ទទួលបន្ទុកកិច្ចការធនធានមនុស្ស និងរដ្ឋបាល មានប្រសាសន៍ថា ការបរិច្ចាគឈាមលើកនេះ មានបុគ្គលិកចូលរួមច្រើន ខណៈ ៧ លើកកន្លងមក មានអ្នកចូលរួមសរុបប្រមាណ ១៧៨០ នាក់ ។
លោក លី ថៃ មានប្រសាសន៍ដូច្នេះថា «យើងឃើញថាកើនឡើងច្រើនជាពិសេសលើកនេះ យើងមានរហូតដល់ទៅ ៦៧០ នាក់ដែលបានចុះឈ្មោះ ។ នេះជាតួលេខបានចុះឈ្មោះ ប៉ុន្តែ យើងឃើញថា ការចុះឈ្មោះ នេះគឺមានបន្តបន្ទាប់ ដូច្នេះអាចការបរិច្ចាគថ្ងៃនេះ អាចលើស ៦៧០ នាក់ទៀត។ តួលេខដែលកើតនេះគឺដោយសារការជឿជាក់ និងការដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាម» ។
លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានប្រសាសន៍ថា ការចូលរួមរបស់ធនាគារអេស៊ីលីដា ជាការរួមចំណែកដ៏មានតម្លៃ ហើយថា ក្នុងមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលយកអំណោយឈាមខ្ទង់ ៣០០ ទៅ ៣៥០ ប្លោក ហើយការផ្គត់ផ្គង់ដល់អ្នកជំងឺវិញ ក៏ខ្ទង់ប្រហែលគ្នានេះដែរ ។
លោក លី សុវិទ្យ មានប្រសាសន៍ថា ៖ «ថ្ងៃនេះជាពេលវេលាដែល ខាងធនាគារអេស៊ីលីដា ដែលគាត់ធ្វើកម្មវិធីនេះ គឺវិសេសវិសាលណាស់ ។ ក្រៅពីរួមចំណែកជាមួយសង្គម គឺមន្ត្រីគាត់បានដឹងពីសុខភាពរបស់គាត់ ហើយយើងបានរួមចំណែកជាមួយសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ជួយសង្គ្រោះជីវិតអ្នកជំងឺ ធ្វើឲ្យអ្នកជំងឺម្នាក់ដែលគាត់នៅមន្ទីរពេទ្យឆាប់បានទៅជួបជុំក្រុមគ្រួសារគាត់នៅឯផ្ទះវិញ» ៕


