
ការផ្ទេរប្រាក់ខុសប្រក្រតីចំនួនជិត ២៤៨លានដុល្លារ (ជាង ៨២០០លានបាត) បានកើតឡើងមួយម៉ោងប៉ុណ្ណោះ នៅមុនការចាប់ខ្លួនឈ្មោះ ជីរ៉ាវ៉ាត់ សែងផាក់ឌី ដែលគេស្គាល់ថា «គ្រូ ឡាប» ដែលជាជនជាប់ចោទសំខាន់មួយរូបនៅក្នុងសំណុំរឿងអាស្រូវឆបោករបស់ក្រុមហ៊ុន iCon Group ។
នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ណេស្ហិន ថៃ ដែលដកស្រង់សម្ដីទីប្រឹក្សាមួយរូបរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ។
មន្ត្រីរូបនោះបានបង្ហោះសារនិងបង្ហាញភ័ស្តុតាងពីការផ្ទេរប្រាក់នេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ។
ករណីឆបោកដែលពាក់ព័ន្ធនឹងក្រុមហ៊ុន iCon Group បានក្លាយជាប្រធានបទក្ដៅគគុក ជាពិសេស នៅក្រោយការចេញដីកាចាប់ខ្លួនមនុស្សសំខាន់ៗ ១៨នាក់ ដែលពួកគេទាំងអស់បានត្រូវចាប់ខ្លួន និងបានចូលប្រគល់ខ្លួនឱ្យអាជ្ញាធរ ។
ជីរីវ៉ាត់ ឬគ្រូ ឡាប ជាជនសំខាន់ម្នាក់ក្នុងចំណោមទាំង ១៨នាក់ ហើយត្រូវគេចាត់ទុកថាជាជនសំខាន់បំផុត ដែលកាន់កាប់ព័ត៌មានសម្ងាត់ជាច្រើន ។ ក្នុងនាមជាអ្នកជំនាញកម្មវិធីកុំព្យូទ័រ គ្រូ ឡាប ទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធ back-end របស់ក្រុមហ៊ុន iCon Group ។
ថ្មីៗនេះ អាជ្ញាធរបានអនុវត្តដីកាឆែកឆេរក្រុមហ៊ុន Serve Rich Co Ltd. របស់លោកគ្រូ ឡាប ហើយគេបានរកឃើញថា ទិន្នន័យខ្លះត្រូវបានលុបចោលអស់ ៕

