
ក្នុងរយៈពេល ៨ខែ ពោលគឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវបរទេស ១៦លាន ៤សែន ៥ម៉ឺននាក់ បានមកធ្វើទេសចរណ៍នៅប្រទេសម៉ាឡេស៊ី ក្នុងនោះ ជនជាតិសិង្ហបុរីមកលេងម៉ាឡេស៊ីច្រើនជាងគេបំផុត ។
ប្រទេសម៉ាឡេស៊ីបានត្រូវគេហទំព័រហិរញ្ញវត្ថុអាមេរិកាំង Insider Monkey បោះឆ្នោតផ្ដល់ចំណាត់ថ្នាក់ជាគោលដៅដែលអ្នកទេសចរស្រឡាញ់ចូលចិត្តជាងគេបំផុតនៅអាស៊ី ។
បើធៀបនឹងរយៈពេល ៨ខែដូចគ្នានៃឆ្នាំ២០២៣ តួលេខភ្ញៀវបរទេសបានកើនឡើង ជិត ៣០% ហើយក្នុងអំឡុងពេល ៨ខែនៃឆ្នាំ២០២៤នេះផងដែរ សិង្ហបុរីដែលជាប្រទេសមានជាងគេបំផុតនៅអាស៊ី គឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេបំផុតរបស់ម៉ាឡេស៊ី ។
ប្រទេស ៥ ដែលជាប្រភពភ្ញៀវទេសចរធំជាងគេបំផុតរបស់ម៉ាឡេស៊ី រួមមាន ៖
- សិង្ហបុរី (៥លាន ៧សែន ៧ម៉ឺននាក់)
- ឥណ្ឌូណេស៊ី (២លាន ៤សែននាក់)
- ចិន (២លាន ២សែន ៩ម៉ឺននាក់)
- ថៃ (១លាន ៩ម៉ឺននាក់)
- ប្រ៊ុយណេ (ជាង ៧សែន ៨ម៉ឺននាក់) ។
តួលេខនេះ យោងតាមសារព័ត៌មាន The Edge Malaysia ។
សម្រាប់ឆ្នាំ២០២៤នេះ ម៉ាឡេស៊ីបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបាន ២៧លាន ៣សែននាក់ ៕


