សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន អាយខន់ គ្រុប (iCon Group) នៅថៃ បាន​លេចឡើងបន្ថែម​ទៀត​​នូវជនរងគ្រោះ​រាប់រយ​នាក់​នៅក្នុង​ប្រទេស​ឡាវ មីយ៉ាន់ម៉ា កម្ពុជា និង​ជប៉ុន ចំណែក​ឯ​ជនរងគ្រោះនៅថៃ​ដែល​បានចេញមកដាក់ពាក្យ​បណ្ដឹង​ កើនឡើងលើស ៥០០នាក់​ហើយ ។

យោងតាម​សារ​ព័ត៌មាន ឌឹ ណេស្ហិន របស់ថៃ ប៉ូលិស​បាននិយាយថា គិត​ត្រឹមថ្ងៃអាទិត្យ ចំនួន​អ្នក​ប្ដឹង​នៅ​ប្រទេស​ថៃបាន​កើនឡើង​លើស ៥០០នាក់​ហើយ ដោយ​ទាមទារសំណង​ជំងឺចិត្ត​ជាង ២០០លានបាត (ឬប្រហែល ៦លានដុល្លារអាមេរិក) ។

ជនរងគ្រោះ​បានប្រាប់ប៉ូលិសថា ក្រុមហ៊ុន​បាន​អូសទាញ​ពួកគេ​ឱ្យ​ធ្វើ​ជា​អ្នក​លក់ ឬ​អ្នក​ចែកចាយ​ផលិត​ផល​អាហារ​បំប៉ន​របស់​ក្រុមហ៊ុន ដោយ​សន្យា​ថា ផលិតផល​ទាំងនោះ​នឹងលក់ដាច់ខ្លាំង ។

ប៉ុន្តែ នៅទីបំផុត ជនរងគ្រោះ​លក់​ផលិតផល​មិន​ដាច់ ហើយ​ត្រូវ​ក្រុមហ៊ុន​ឆបោក​ប្រាប់​ឱ្យ​ជ្រើសរើស​«អ្នកចែកចាយបន្ត» ឱ្យ​ធ្វើការ​ក្រោម​ពួកគេ ដើម្បី​ទទួលបាន​ប្រាក់​កម្រៃ​ជើងសារពី​ប្រាក់វិនិយោគ​របស់​អ្នកចែកចាយថ្មីទាំងនោះ ។

អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​នៅថៃ បានចែករំលែក​ផុស​នានា ដែលបង្ហាញថា ជនរងគ្រោះ​មិនមែន​មានតែនៅក្នុង​ប្រទេសថៃនោះ​ទេ ប៉ុន្តែ ក៏មាន​ផង​ដែរ នៅ​ប្រទេសជិតខាងថៃ ដូចជា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា មិនតែប៉ុណ្ណោះ នៅជប៉ុន ក៏មាន​ជនរងគ្រោះ​ដែរ ។

នៅឡាវ គេបានចែករំលែកវីដេអូគ្លីប មេធំ​របស់​ក្រុមហ៊ុន iCon Group ដែលមាននាមហៅក្រៅ Boss Paul បើក​សម្ពោធ​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ប្រទេសឡាវ កាលពីប៉ុន្មានឆ្នាំមុន ។ នៅប្រទេសឡាវ គេបានរាយការណ៍ថា ក្រុមហ៊ុន អាយខន់ គ្រុប ជ្រើសរើស​សមាជិក​បានជាង ១០០០នាក់ ក្នុងនោះមានទាំង​តារា​ល្បីៗ​នៅក្នុង​វិស័យ​កម្សាន្ត​របស់​ឡាវ ផងដែរ ។

នៅកម្ពុជា និង​មីយ៉ាន់ម៉ា តារាថៃ​ល្បីល្បាញ ៣រូប ដែលមាន​ឈ្មោះ​ជា​មន្ត្រីប្រតិបត្តិ​របស់​ក្រុមហ៊ុន អាយខន់ គ្រុប ក៏បាន​ផ្សព្វផ្សាយ​​ពី​សាខា អាយខន់ គ្រុប នៅកម្ពុជា និង​មីយ៉ាន់ម៉ា ផងដែរ និង​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ក្នុង​ប្រទេសទាំងពីរនេះ​ ចូលរួម​បោះទុនវិនិយោគ​ដើម្បី​ក្លាយជាបណ្ដាញ​ចែកចាយ​របស់​ក្រុម​ហ៊ុន​ថែមទៀតផង ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version