
ឥឡូវនេះ សាធារណជន និងអ្នកពាក់ព័ន្ធអាចប្រើប្រាស់”ប្រអប់បណ្ដឹងអនាមិក”បាន ប្រសិនបើមិនពេញចិត្ត ឬមន្ទិលសង្ស័យចំពោះសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
នេះបើតាមការជូនដំណឹងពីក្រសួងការងារ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។
នៅក្នុងលិខិតជូនដំណឹង រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានប្រកាសដាក់ឱ្យប្រើប្រាស់យន្តការបណ្ដឹងអនាមិក តាមរយៈគេហទំព័រ https://feedback.mlvt.gov.kh និងបានលើកទឹកចិត្តដល់សាធារណជន និងអ្នកពាក់ព័ន្ធ ឱ្យចូលរួមប្រើប្រាស់យន្តការនេះ ។
ក្នុងលិខិតដដែល លោក ហេង សួរ បាននិយាយថា «ដើម្បីបង្ការការឆបោក ឬការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយ… ក្រសួងសូមលើកទឹកចិត្តដល់សាធារណជន កម្មករនិយោជិត និងនិយោជក សូមប្រើប្រាស់ប្រអប់បណ្ដឹងអនាមិកនេះ ។»
វិធានការថ្មីបំផុតនេះ ធ្វើឡើងដើម្បីធានាគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្ដល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
គួរបញ្ជាក់ថា អ្នកប្ដឹងនឹងមិនតម្រូវឱ្យបង្ហាញអត្តសញ្ញាណរបស់ខ្លួនឡើយ ៕


