បវរកញ្ញា​ប្រទេស​កូស្តារីកា (Costa Rica) កញ្ញា Macarena Chamberlain បានប្រកាស​ដក​ខ្លួន​ចេញពី​កម្មវិធី Miss Grand International 2024 ដោយ​លើក​ហេតុផល​​ពី​ការប៉ះទង្គិច​ធ្ងន់ធ្ងរលើ​សុខភាពផ្លូវ​ចិត្តនិងកាយរបស់នាង ដោយសារតែ​ការ​ផ្លាស់ប្ដូរយ៉ាងតក់ក្រហល់ពីសំណាក់​អ្នករៀបចំ​កម្មវិធី ។

នេះបើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មានវៀតណាម Vietnam Net ។

នៅរសៀលថ្ងៃទី៨ តុលា កញ្ញា ម៉ាការេណា បានប្រកាស​នៅ​លើ​បណ្ដាញសង្គម​ Instagram របស់កញ្ញា ពីការដកខ្លួនចេញ​នេះ ។

ការប្រកាស​ដកខ្លួន​របស់​បវរ​កញ្ញាកូស្តារីកានេះ ធ្វើឡើងបន្ទាប់ពីការដក​ខ្លួន​របស់​បវរកញ្ញាតំណាងប្រទេស​កម្ពុជា កញ្ញា ប៊ី សុធារី បន្ទាប់ពីកើតមាន​ជម្លោះ​រវាង​​អ្នក​រៀបចំ​ Miss Grand International (MGI) និង Miss Grand Cambodia កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ។

នៅក្រោយភាពចម្រូងចម្រាសនេះ ខាង MGI បានប្រកាស​ផ្លាស់ប្ដូរ​ទីតាំង​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand International 2024 ចេញពីរាជធានីភ្នំពេញ នៃ​​ប្រទេស​កម្ពុជា ទៅកាន់ទីក្រុង​បាងកក ប្រទេសថៃ វិញ ។

ជុំវិញជម្លោះនេះ ភាគី MGI និង Miss Grand Cambodia បាននិងកំពុង​សាចទឹកដាក់គ្នា ដោយ​ទម្លាក់កំហុស​លើគ្នាទៅវិញទៅមក ។

បវរកញ្ញាកូស្តារីកា កញ្ញា ម៉ាការេណា អាយុ ២០ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ដែល​ជាតារា​បង្ហាញម៉ូដ អ្នកចម្រៀង និង​អ្នកនិពន្ធ​បទចម្រៀង​ផងនោះ បាន​និយាយថា ហេតុការណ៍​ផ្លាស់ប្ដូរចុងក្រោយនេះ ធ្វើ​ឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខភាពផ្លូវចិត្ត​ផ្លូវកាយរបស់នាង និងថា នាង​សម្រេចចិត្ត​ដកខ្លួនចេញ ដើម្បី​ផ្ដល់​អាទិភាព​ដល់​សុខភាព​របស់កញ្ញាជាចម្បង ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version