មួយគ្រួសារ​មានសមាជិក ៤នាក់ ត្រូវបានគេ​ប្រទះឃើញ​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​ចំក្បាលម្នាក់​១គ្រាប់នៅក្នុង​ផ្ទះ​ ដែលស្ថិតនៅក្នុង​ក្រុង​​សុងក្លា​ នៃខេត្ត​សុងក្លា ភាគខាងត្បូង​ប្រទេសថៃ ។

នេះបើ​តាម​​ការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍

សាកសពដែលគេប្រទះឃើញ នៅថ្ងៃចន្ទ​ម្សិលមិញនេះ រួមមាន ប្ដី ប្រពន្ធ និង​កូនប្រុសស្រី​វ័យជំទង់ ២នាក់ សរុប ៤នាក់ ។

ប៉ូលិសស្រុកមួងនៃខេត្តសុងក្លា បាននិយាយថា នៅវេលាម៉ោងជិត ៤រសៀល ថ្ងៃចន្ទ មានអ្នក​ហៅទូរសព្ទ​ទៅ​ប៉ូលិស​រាយការណ៍​ពី​ករណី​សង្ស័យ​អត្តឃាតមួយគ្រួសារ ។

នៅពេលប៉ូលិសទៅដល់ នៅបន្ទប់​ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី គេ​ឃើញ​សាកសព​អតីត​មន្ត្រី​ក្រុម​ប្រឹក្សា​ក្រុងសុងក្លា លោក ចៃចាន់ ខ្វាន់សេង អាយុ ៦១ឆ្នាំ និងកូន​ប្រុស​ ឈ្មោះ ខាណេត អាយុ ១៦ឆ្នាំ ។

នៅជាន់ទីពីរ ប៉ូលិសរក​ឃើញ​សាកសព​ពីរនាក់ទៀតនៅក្នុង​បន្ទប់ដេក​ផ្សេងគ្នា គឺ​កូនស្រី ឈ្មោះ កុតវ៉ាកន អាយុ ១៨ឆ្នាំ និង​ប្រពន្ធរបស់​លោក ចៃចាន់ ឈ្មោះ ណាត់ផាផាត់ អាយុ ៤៧ឆ្នាំ ។ នៅក្នុង​ដៃ​ប្រពន្ធ ប៉ូលិស​ឃើញ​មាន​កាំភ្លើង​ខ្លីមួយ​ដើម ។

បើតាម​ប៉ូលិស​ឱ្យ​ដឹងថា ភរិយា​របស់​ជនរងគ្រោះ​បាន​ប្រាប់​បងប្អូននៅមុនហេតុការណ៍​ ថា​ខ្លួនមាន​បញ្ហា​វិបត្តិបំណុល ។ បច្ចុប្បន្ន ប៉ូលិស​ថៃកំពុង​ស៊ើបអង្កេត​ករណីនេះជា​បន្ត​ នៅឡើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version