អាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា ប្រកាស​បន្ថែម​ជើង​ហោះហើរថ្មី​ទៀត ដោយ​ហោះត្រង់ទៅមក ខេត្តសៀមរាប-ប្រទេស​សិង្ហុបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ នេះទៅ ។

នេះ​បើយោងតាម​ប្រកាស​ព័ត៌មានរបស់​ក្រុមហ៊ុន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ការហោះហើរត្រង់​នេះនឹងមានរៀងរាល់ថ្ងៃ ដោយ​ពីខេត្តសៀមរាប ទៅសិង្ហបុរី ចេញ​ដំណើរនៅម៉ោង ៨ និង ៤៥នាទីព្រឹក និងទៅដល់នៅម៉ោង ១២ថ្ងៃត្រង់ ។ ចំណែក​ឯ​​ពី​សិង្ហបុរីមក​ខេត្តសៀមរាបវិញ ការចេញដំណើរគឺ​ម៉ោង ១២ និង ៤០នាទី រសៀល និង​មកដល់​ខេត្តសៀមរាប នៅ​ម៉ោង ១៣ និង ៥៥នាទីរសៀល ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ របស់​អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បាននិយាយថា «យើងមាន​ផែនការ​រឹងមាំដើម្បីពង្រីក​ការហោះហើរ​ច្រើនថែមទៀត​ទៅមក​ព្រះរាជាណាចក្រ​ដ៏អស្ចារ្យរបស់យើង នៅពេលអនាគត​ខាងមុខនេះ ដោយ​ផ្ដល់​ជូន​ភ្ញៀវ​នូវ​គុណតម្លៃ​និងជម្រើស​កាន់តែច្រើនថែមទៀត ។»

កាលពីពេលថ្មីៗនេះ អ៊ែរ អេស៊ា ក៏បានប្រកាស​ផងដែរពី​ការហោះហើរ​ត្រង់ទៅមក​ ខេត្តសៀមរាប-កោះភូកេត ប្រទេសថៃ ដោយ​នឹង​ចាប់ផ្ដើ​ម​ហោះហើរ​ ៣ជើងក្នុង​មួយសប្ដាហ៍ ចាប់​ពី​ចុង​ខែ​តុលានេះ តទៅ ។​

លោក វិស្សុត បានបន្តថា ចាប់តាំងពី​ដើម​ខែឧសភា ឆ្នាំ២០២៤មក អ៊ែរ អេស៊ា ខេមបូឌា បាន​ឃើញ​មាន​តម្រូវការ​​និង​ឱកាស​កើនឡើង​សម្រាប់​ការបង្កើន​ចំនួន​ទីផ្សារអន្តរជាតិសំខាន់ៗ ហើយ​ប្រទេសសិង្ហបុរីជាចំណុចចាប់ផ្ដើម​នៃ​ទិសដៅថ្មីៗ​មួយ​ដែល​ក្រុមហ៊ុន​នឹង​បើក​ការហោះហើរ​ទៅកាន់ ក្នុងនោះរួមទាំង​លទ្ធភាព​បើក​ផ្លូវ​ហោះហើរ​ត្រង់​ទៅមករាជធានីភ្នំពេញ​-សិង្ហបុរី ផងដែរ ។

លោក វិស្សុត បាន​និយាយថា «យើង​ប្ដេជ្ញា​គាំទ្រ​វិស័យ​ទេសចរណ៍ និង​គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។» លោក​បន្តថា សេវាកម្មថ្មីៗទាំងនេះ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចក្នុង​ស្រុក និងវិស័យទេសចរណ៍​នៅកម្ពុជា ក្នុងនោះរាប់ទាំង​ការបង្កើត​ការងារនៅក្នុងវិស័យបដិសណ្ឋាការកិច្ចផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version