ក្នុងឆមាសទីមួយនៃ​ឆ្នាំ២០២៤នេះ វិស័យ​ទេសចរណ៍​បាន​ហក់ឡើង​យ៉ាង​ខ្លាំង​នៅ​កោះភូកេត ប្រទេសថៃ រហូតដល់​នាំ​ឱ្យ​​បន្ទប់​សណ្ឋាគារនៅ​លើ​កោះ​ កើនឡើង​យ៉ាងគំហុក ។

បើ​តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅស៊ុដ ភ្ញៀវទេសចរ​បរទេស ២លាន ៦សែននាក់ បានទៅលេងកោះភូកេត ប្រទេសថៃ ក្នុង​អំឡុង​ពីខែមករា ដល់​ខែមិថុនា ឆ្នាំ២០២៤ ។

ចំនួននេះ​កើនឡើងជាង ៤២% បើធៀបនឹងរយៈពេល​ដូច​គ្នានៃឆ្នាំទៅមិញ និង​ស្ទើរតែត្រឡប់ទៅស្មើ​នឹងចំនួនភ្ញៀវនៅមុនពេលកូវីដ-១៩ ។

ចំពោះភ្ញៀវទេសចរ​ក្នុង​ស្រុក​ដែល​ទៅលេងកោះភូកេតវិញ មានចំនួន ១លាន ៧សែននាក់ ដូច្នេះ គិតជាសរុប កោះភូកេត​ទទួលភ្ញៀវទេសចរ​ ទាំង​ក្នុង​ស្រុក និងទាំង​បរទេស បាន ៤លាន ៣សែននាក់ ។

តម្លៃ​បន្ទប់​ស្នាក់នៅ​គិតជាមធ្យម នៅលើកោះភូកេត បានបន្ត​កើនឡើង​​ខ្ពស់ដល់ទៅ ២០០ដុល្លារក្នុងមួយយប់ ដែល​កើនឡើង​លើស​តម្លៃ​មុន​ពេល​កូវីដ ដល់ទៅ ៦៤% ។

នៅឆមាសទី២ ពោលគឺពីខែកក្កដា ដល់​ខែធ្នូ ឆ្នាំនេះ កោះភូកេត​រំពឹងថា នឹងស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេសបានចន្លោះពី ២លាន ៥សែននាក់ ដល់ ២លាន ៧សែននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version