
ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ វិស័យទេសចរណ៍បានហក់ឡើងយ៉ាងខ្លាំងនៅកោះភូកេត ប្រទេសថៃ រហូតដល់នាំឱ្យបន្ទប់សណ្ឋាគារនៅលើកោះ កើនឡើងយ៉ាងគំហុក ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅស៊ុដ ភ្ញៀវទេសចរបរទេស ២លាន ៦សែននាក់ បានទៅលេងកោះភូកេត ប្រទេសថៃ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
ចំនួននេះកើនឡើងជាង ៤២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ និងស្ទើរតែត្រឡប់ទៅស្មើនឹងចំនួនភ្ញៀវនៅមុនពេលកូវីដ-១៩ ។
ចំពោះភ្ញៀវទេសចរក្នុងស្រុកដែលទៅលេងកោះភូកេតវិញ មានចំនួន ១លាន ៧សែននាក់ ដូច្នេះ គិតជាសរុប កោះភូកេតទទួលភ្ញៀវទេសចរ ទាំងក្នុងស្រុក និងទាំងបរទេស បាន ៤លាន ៣សែននាក់ ។
តម្លៃបន្ទប់ស្នាក់នៅគិតជាមធ្យម នៅលើកោះភូកេត បានបន្តកើនឡើងខ្ពស់ដល់ទៅ ២០០ដុល្លារក្នុងមួយយប់ ដែលកើនឡើងលើសតម្លៃមុនពេលកូវីដ ដល់ទៅ ៦៤% ។
នៅឆមាសទី២ ពោលគឺពីខែកក្កដា ដល់ខែធ្នូ ឆ្នាំនេះ កោះភូកេតរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសបានចន្លោះពី ២លាន ៥សែននាក់ ដល់ ២លាន ៧សែននាក់ ៕


