នៅឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទទួលបានទេសចរ​បរទេស ៣៥លាន ៩សែននាក់ កើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ។ រីឯ​ចំណូល​វិញ គេរំពឹងថា នឹង​រក​បានប្រហែល ៥៣ពាន់លានដុល្លារ កើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។

ទោះបីមានបញ្ហាទឹកជំនន់នៅតំបន់ខ្លះក្ដី អាជ្ញាធរទេសចរណ៍ថៃ និយាយថា គោលដៅ​ទេសចរណ៍ក្នុង​៤ខែចុងក្រោយនៃឆ្នាំនេះ នឹងសម្រេចបាន​តាម​ការគ្រោង និងថា ទឹក​ជំនន់​នៅភាគខាងជើង​ប្រទេសថៃ​មានផលប៉ះពាល់តិចតួចប៉ុណ្ណោះ​មក​លើ​វិស័យ​ទេសចរណ៍របស់ប្រទេស ។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាន​ឱ្យ​ដឹង​ថា បន្ទាប់ពីមានទឹកជំនន់​នៅតំបន់ជាច្រើន​នៅភាគខាងជើងប្រទេសថៃ ការិយាល័យអន្តរជាតិរបស់ TAT បានសិក្សាអំពីផលប៉ះពាល់​មកលើ​ចំនួន​ភ្ញៀវទេសចរបរទេស ។ គេរកឃើញថា ទេសចរ​មកពី​ប្រទេសចិន និង​បណ្ដាប្រទេសអាស៊ាន​​បាន​ផ្អាកផែនការ​ធ្វើដំណើររបស់​ពួកគេ ប៉ុន្តែ មិនជាប់ទាក់ទងផ្ទាល់​នឹង​បញ្ហា​ទឹកជំនន់​ទេ ។ ប៉ុន្តែ គឺដោយសារ​វា​ផុត​រដូវ​វិស្សមកាលសិក្សា ដែលជាធម្មតា វិស្សមកាលនេះចាប់ផ្ដើមពីចុងខែ​មិថុនា ដល់ពាក់កណ្ដាលខែសីហា ។

ស្របពេលជាមួយគ្នានេះ ទេសចរអឺរ៉ុប​បានដឹងពីទឹកជំនន់នៅប្រទេសថៃភាគខាងជើង និង​គ្រោះបាក់ដី​នៅភូកេត ប៉ុន្តែ ពុំ​មាន​វិធានការ​ហាមប្រាម​ការធ្វើដំណើរណាមួយ ដែលត្រូវបានគេអនុវត្ត​នោះ​ទេ ។

TAT និយាយថា ទឹកជំនន់​កើតឡើង​នៅខាងក្រៅ​តំបន់គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ភ្ញៀវបរទេស ដូចជា បាងកក ប៉ាតាយ៉ា ភូកេត ហាត់យ៉ៃ និងឈៀងម៉ៃ ។

បច្ចុប្បន្ន ប្រទេស ៥ ដែលមាន​ប្រជាជន​មក​លេង​ថៃ​ច្រើនជាងគេបំផុត​ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version