នៅថ្ងៃពុធនេះ អូស្ត្រាលី​បាន​ផ្ដល់​ភ្លើងខៀវ​ដល់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ ដែលមានទឹកប្រាក់ ១ម៉ឺន ៣៥០០លានដុល្លារអាមេរិក ដែល​គ្រោង​នាំចេញ​ថាមពល​ពី​កសិដ្ឋាន​សូឡាយក្ស​មួយ​នៅភាគជើង​ប្រទេស​អូស្ត្រាលី ទៅ​សិង្ហបុរី តាម​ខ្សែកាបបាតសមុទ្រ​ប្រវែង ៤៣០០គីឡូម៉ែត្រ ។

រដ្ឋមន្ត្រីបរិស្ថាន​អូស្ត្រាលី និយាយថា គម្រោង​តភ្ជាប់​ថាមពល​អូស្ត្រាលី-អាស៊ីនេះ នឹង​​ឆ្លើយតបទៅនឹងតម្រូវការថាមពលកកើតឡើងវិញ​ដែល​កើនឡើង ទាំង​នៅ​ក្នុងស្រុក និងទាំងនៅ​ក្រៅប្រទេស ។

នៅក្រោមគម្រោងនេះ កសិដ្ឋាន​សូឡាដ៏ធំមួយ​នឹង​ផលិត​ថាមពល​គ្រប់គ្រាន់​សម្រាប់​លំនៅឋាន ៣លានខ្នង និងមាន​ខ្សែ​កាប​បាតសមុទ្រ​មួយខ្សែ តភ្ជាប់​អូស្ត្រាលីទៅសិង្ហបុរី ។

គេរំពឹងថា សេចក្ដីសម្រេចចិត្ត​វិនិយោគចុងក្រោយនឹងធ្វើឡើងនៅឆ្នាំ២០២៧ ហើយ​ការផ្គត់ផ្គង់​អគ្គិសនី នឹងចាប់ផ្ដើម​នៅរង្វង់​ឆ្នាំ២០៣០ជាង ។ នេះបើយោងតាម​ក្រុមហ៊ុន SunCable ដែល​ជាអ្នកអនុវត្តគម្រោង ។

គម្រោងនេះនឹងចែកជាពីរដំណាក់កាល និង​គ្រោង​ផ្គត់ផ្គង់ថាមពលបៃតងបានដល់ទៅ ៦មេហ្គាវ៉ាត់ ទៅឱ្យអតិថិជន​ឧស្សាហកម្ម​ធំៗ នៅទីក្រុង​ ដវីន នៃដែនដីភាគខាងជើងអូស្ត្រាលី និង​ឧស្សាហកម្មធំៗនៅ​សិង្ហបុរី ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version