
សាលារៀនមួយចំនួននៅក្នុងទីក្រុងហូជីមិញគ្រោងដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទីពីរ នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ជាផ្នែកនៃកម្មវិធីសាកល្បងមួយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
នាយកដ្ឋានអប់រំនិងបណ្ដុះបណ្ដាល បាននិយាយថា ភាសាបរទេស ជាពិសេស ភាសាអង់គ្លេសគឺសំខាន់ចាំបាច់ណាស់សម្រាប់សិស្សដើម្បីដឹកនាំជីវិតរបស់ពួកគេឱ្យមានប្រសិទ្ធភាព ។
ស្របពេលជាមួយគ្នានេះ ចាប់ពីឆ្នាំ២០២៥ទៅ ភាសាអង់គ្លេសនឹងលែងជាមុខវិជ្ជាប្រឡងសម្រាប់ការបញ្ចប់ថ្នាក់វិទ្យាល័យទៀតហើយ ។
នៅមុននេះ ការិយាល័យនយោបាយរបស់បក្សកុំម្មុយនិស្តិវៀតណាម បានអំពាវនាវឱ្យស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទីពីរនៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន ។
ទីក្រុងហូជីមិញបានសាកល្បងបង្រៀនមុខវិជ្ជាមួយចំនួន ដូចជា គណិតវិទ្យា និងវិទ្យាសាស្ត្រ ជាភាសាអង់គ្លេស ជាច្រើនឆ្នាំមកហើយ និងជាទីក្រុងដំបូងគេ ដែលសាកល្បងដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទីពីរនៅតាមសាលារៀន ៕


