
នៅទីបំផុត រដ្ឋសភាថៃបានបោះឆ្នោតគាំទ្រលោកស្រី ភែថុងថាន ស៊ីណាវ៉ាត្រា ធ្វើជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងកាលពីថ្ងៃពុធ ។
លោកស្រី ភែថុងថាន ស៊ីណាវ៉ាត្រា អាយុ ៣៨ឆ្នាំ ជាមេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
សភាតំណាងរាស្ត្រថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនេះ ដោយសំឡេង ៣១៩ គាំទ្រ ក្នុងចំណោមតំណាងរាស្ត្រ ៤៩៣នាក់ ដែលមានវត្តមាន ។
លោកស្រី ភែថុងថាន គឺជាមនុស្សទីបីមកពីសែស្រឡាយគ្រួសារ ថាក់ស៊ីន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បន្ទាប់ពីឪពុករបស់លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងម្ដាយមីង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។
លោកស្រី ភែថុងថាន កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ នៅទីក្រុងបាងកក ។ លោកស្រីបញ្ចប់ការសិក្សានៅក្នុងប្រទេស រួចទើបទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Surrey ចក្រភពអង់គ្លេស ។ ឪពុករបស់លោកស្រីមានផ្ទះអាផាតមិនមួយនៅក្នុងទីក្រុងឡុងដ៍ ។
ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស លោកស្រីបានវិលត្រឡប់មកបាងកកវិញ មកធ្វើការនៅក្នុងក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយរបស់គ្រួសារ ដែលគ្រប់គ្រងសណ្ឋាគារនិងទីលានវាយកូនគោលជាច្រើនកន្លែង ។លោកស្រីជាអនុប្រធាន ចំណែកឯបងស្រីបង្កើតជាប្រធានក្រុមហ៊ុន ។
ឥឡូវនេះ បន្ទាប់ពីទទួលបានការគាំទ្រពីសភាតំណាងរាស្ត្រថៃ នៅថ្ងៃសុក្រនេះ លោកស្រី ភែថុងថាន ក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ថៃ ដែលក្មេងជាងគេបំផុត ។ និងជានាយករដ្ឋមន្ត្រីស្ត្រីទីពីរ នៅក្នុងប្រវត្តិសាស្ត្រថៃ បន្ទាប់ពីម្ដាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ៕


