
ក្រុងហាណូយរបស់វៀតណាមបានពង្រីកចម្ការដំណាំសរីរាង្គរបស់ខ្លួន ហើយនេះជាយុទ្ធសាស្ត្រមួយសម្រាប់កសិកម្មមានសុវត្ថិភាពនិងចីរភាព ហើយផលិតបាននូវកសិផលដែលមានគុណតម្លៃខ្ពស់ និងមានផលប៉ះពាល់តិចលើបរិស្ថាន ។
មន្ត្រីកសិកម្មរបស់ក្រុងហាណូយ បាននិយាយថា ផលិតកម្មដំណាំសរីរាង្គ នឹងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងនាំមកនូវកសិផលដែលមានឱជារស និងសុវត្ថិភាព នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ ដំណាំសរីរាង្គនឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ ។
លោក វូ ធីហួង នាយកមជ្ឈមណ្ឌលប្រពលវប្បកម្មកសិកម្មក្រុងហាណូយ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុងហាណូយមានដំណាំសរីរាង្គ កំពុងដាំដុះលើផ្ទៃដីប្រមាណ ២ ពាន់ហិកតា ហើយនិងវារីវប្បកម្មសរីរាង្គ គ្របដណ្ដប់លើផ្ទៃដី ១០ ហិកតា ។
មន្ទីរកសិកម្មក្រុងហាណូយក៏កំពុងជួយដល់កសិករក្នុងការបង្កើត និងអភិវឌ្ឍម៉ាកយីហោសម្រាប់កសិផលសរីរាង្គរបស់ខ្លួនផងដែរ ហើយធ្វើយ៉ាងណាឲ្យម៉ាកយីហោទាំងនោះគោរពតាមស្តង់ដាររបស់ខ្លួន ។
អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា រដ្ឋបាលថ្នាក់ស្រុកនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ការស្វែងរកទីផ្សារអនឡាញសម្រាប់កសិផល និងជួយអាជីវកម្ម និងសហគមន៍កសិកម្មឲ្យមានលទ្ធភាពនាំកសិផលសរីរាង្គទាំងនោះចូលទៅដល់ភ្នាក់ងារចែកចាយសម្រាប់ការនាំចេញផងដែរ ៕


