
កោះត្រល់ ឬកោះភូកុក ជាភាសាវៀតណាមនោះ បានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅជាង ៦៣ម៉ឺននាក់ កាលពីខែកក្កដា កន្លងទៅនេះ ។ នេះបើយោងតាមសារព័ត៌មានវៀតណាម ។
មន្ទីរទេសចរណ៍ខេត្តកៀនយ៉ាងរបស់វៀតណាម បានឲ្យដឹងថា ភ្ញៀវទេសចរដែលទៅលេងកោះត្រល់ ឬកោះភូកុក ជាភាសាវៀតណាម កាលពីខែកក្កដា មានចំនួន ៦៣៦,០០០នាក់ ដែលបានកើនឡើងប្រមាណ ២៤% ។
ប្រាក់ចំណូលសរុបដែលបានមកពីវិស័យទេសចរណ៍លើកោះនេះ កាលពីខែកក្កដា គឺមានទំហំទឹកប្រាក់ជិត ៦៤ លានដុល្លារ ។
អាជ្ញាធរបានឲ្យដឹងថា កំណើនភ្ញៀវទេសចរនេះក៏ដោយសារតែមានយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីកោះនេះ ទៅដល់ភ្ញៀវទេសចរអន្តរជាតិ ។
គួរបញ្ជាក់ថា កោះភូកុក ឬកោះត្រល់ជាភាសាខ្មែរនោះ បានទទួលសំឡេងឆ្នោតជាកោះស្អាតទីពីរក្នុងពិភពលោក បន្ទាប់ពីកោះម៉ាល់ឌីវ ។
យោងតាមការស្ទង់មតិបានបង្ហាញថា កោះភូកុក ជាគោលដៅទេសចរណ៍អន្តរជាតិពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរកូរ៉េ ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកៀនយ៉ាង របស់វៀតណាម បានបន្តផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីជំរុញជើងហោះហើរជាអន្តរជាតិមកលេងកោះនេះឲ្យកាន់តែច្រើនថែមទៀត ៕


