
វៀតណាមបានព្យាករថា ចំណូលពីការនាំចេញផ្លែទុរេនរបស់ខ្លួន អាចហក់ឡើងដល់ជាង ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានដកស្រង់សម្ដីពីមន្ត្រីក្នុងសមាគមបន្លែផ្លែឈើវៀតណាម ។
គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ វៀតណាមបាននាំទុរេនចេញទៅទីផ្សារបរទេស បានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិករួចទៅហើយ ដែលតួលេខនេះ បានកើនឡើងរហូតដល់ទៅ ៤០% បើធៀបនឹងឆ្នាំមុន ។
សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា គេកំពុងតែផ្សព្វផ្សាយអំពីពិធីសារស្ដីពីការនាំចេញទុរេនបង្កកទៅកាន់ប្រទេសចិនជាផ្លូវការ ។
ជារៀងរាល់ឆ្នាំ ប្រទេសចិនចំណាយប្រាក់ប្រមាណ ១ពាន់លានដុល្លារ ក្នុងការនាំចូលទុរេនបង្កកពីវៀតណាម ។
គួរបញ្ជាក់ថា វៀតណាមប្រមូលផលទុរេនបានមួយឆ្នាំពេញ ធ្វើឲ្យវៀតណាមក្លាយជាប្រទេសមានប្រៀបក្នុងការប្រកួតប្រជែង ដោយសារទុរេនតាមបណ្ដាប្រទេសផ្សេងទៀត ដូចជា ប្រទេសថៃជាដើម មានតាមរដូវកាលប៉ុណ្ណោះ ៕


