ដោយសារតែជីវភាពមិនសូវល្អប្រសើរលោក ហង់ សុខឃឿន បានសម្រេចចិត្តធ្វើចំណាកស្រុកឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ដោយសង្ឃឹមថា អ្វីៗនឹងអាចជួយកែប្រែជីវភាពរបស់ខ្លួនឱ្យប្រសើរជាងមុន ។
នៅប្រទេសថៃ លោកជាពលករធ្វើការនៅឯរោងចក្រមួយដែលផលិតកាបូប ហើយដោយសារតែមានគំនិតចង់ចេះ ចង់ដឹង ហើយមិនចង់ធ្វើជាពលករចំណាកស្រុកពេញមួយជីវិតនោះ លោកបានខិតខំលួចសិក្សាពីជំនាញធ្វើកាបូបនេះរហូតចេះស្ទាត់គ្រាន់បើ អាចមានទំនុកចិត្តធ្វើដោយខ្លួនឯងបាន ។

លោក សុខឃឿន ដែលសព្វថ្ងៃ មានប្រពន្ធ និងកូន?? រៀបរាប់យ៉ាងដូច្នេះថា «កាលខ្ញុំនៅស្រុកគេហ្នឹង គឺខ្ញុំនៅប្រទេសថៃ ជាពលករចំណាកស្រុកទៅធ្វើការឲ្យគេ យើងធ្វើការរោងចក្រកាបូប ប៉ុន្តែ មិនមែនកាបូបអ៊ីចឹងទេ គឺកាបូបស្ពាយ កាបូបអូសកង់ធំៗ អ៊ីចឹង ដល់ពេលយើងគិតថា គេធ្វើកាបូបអ៊ីចឹងបាន ហេតុអ្វីគ្រាន់តែកាបូបតូចមួយយើងធ្វើមិនបាន អាហ្នឹងហើយជាគំនិតមួយ ដែលយើងចង់ធ្វើវាឲ្យបាន ព្រោះថានៅខ្មែរយើងមិនទាន់អាចបង្កើតកាបូបអ៊ីចឹងៗបានទេ ភាគច្រើនយើងតែងតែយកពីគេមកលក់ ។»
លោកបានបន្តថា ធ្វើការនៅក្នុងប្រទេសថៃរហូតដល់១០ឆ្នាំ ទើបអំឡុងឆ្នាំ២០២១ បន្ទាប់ពីមានជំនាញច្បាស់ទៅលើការដេរកាបូបហើយ លោកបានត្រឡប់មកកម្ពុជាវិញ ដោយបានចាប់ផ្តើមកែច្នៃកាបូបដោយខ្លួនឯង ការចាប់ផ្តើមធ្វើកាបូប ឬស្បែកជើង ដោយខ្លួនឯងដំបូងៗ ពិតជាពិបាកខ្លាំង ដោយសារតែគ្មានឧបការណ៍ម៉ាស៊ីនត្រឹមត្រូវ ជាពិសេសមិនដឹងប្រភពយកស្បែកក្រពើ ឬស្បែកគោ យកមកកែច្នៃធ្វើ ពិតជាពិបាកខ្លាំង ហើយកែច្នៃចេញមកក៏មិនស្អាតដែរ ។
ដោយសារតែមានជំនាញស្រាប់ និងភាពអំណត់តស៊ូ លោកក៏ចាប់ផ្តើមផលិតបានស្អាតទៅៗ ដូចជាប្រភេទស្បែកជើង កាបូប ខ្សែក្រវាត់ជាដើម នៅពេលដែលផលិតបានហើយ លោកបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ទិកតុក ជាដើម ស្នាដៃរបស់លោកចាប់ផ្តើមមានអ្នកទទួលស្គាល់ និងមានអ្នកកុម្មង់ទិញជាហូរហែ ។
អតីតពលកររូបនេះបានរៀបរាប់បន្ថែមថា «វាកើនគួរសមដែរ ដោយសារតែពីមុន យើងធ្វើតែពីរនាក់ទេ តែឥឡូវបុគ្គលិកយើងកើនឡើង១៥ ១៦នាក់ដែរ កាបូបដែលយើងធ្វើពីដំបូង ដែលយើងធ្វើហ្នឹងគឺមួយថ្ងៃចេញតែ១០ទេយ៉ាងច្រើន តែឥឡូវ មួយថ្ងៃ យ៉ាងហោចក៏អាច៣០ជាង ទៅ ៥០ ក៏មានដែរ ។»
បុរសវ័យប្រមាណជា ៣០ឆ្នាំ មាឌធំ រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ន នៅក្នុងសិប្បកម្មរបស់លោក មានបុគ្គលិកប្រមាណជាង ១០នាក់ ហើយសម្ភារដែលអាចផលិតបាននោះ មានដូចជា កាបូបបត់ដាក់ហោប៉ៅ កាបូបយួរដៃ កាបូបស្ពាយចំហៀង ជាស្បែកជើង និងខ្សែក្រវាត់ ស្រោមសម្រាប់ដាក់ទូរសព្ទ ហើយលោកក៏គ្រោងនឹងផលិតផលិតផលមួយចំនួនទៀត ដូចជា មួក កាបូបដាក់អីវ៉ាន់ធំៗជាដើម ។ ចំណែកឯតម្លៃវិញ សម្រាប់តម្លៃកាបូបចាប់ពីជាង ១០ដុល្លារ រហូតទៅដល់ជាង ១០០ដុល្លារ អាស្រ័យទៅតាមស្បែកនិងទំហំកាបូប ។
នៅថ្ងៃខាងមុខ លោក សុខឃឿន បានបញ្ជាក់ថា ប្រសិនបើមានអ្នកគាំទ្រស្នាដៃកែច្នៃរបស់លោក កាន់តែខ្លាំងឡើង លោកមានមហិច្ឆតាធំ ពោលគឺលោកនឹងពង្រីកសិប្បកម្មឲ្យកាន់តែធំជាងនេះ ហើយផលិតនិងកែច្នៃសម្ភារប្រើប្រាស់ឲ្យបានច្រើនប្រភេទ ដោយបុគ្គលិកធ្វើការយ៉ាងហោចណាស់ ៥០០នាក់ដែរ ដែលមិនត្រឹមតែជួយមនុស្សឲ្យមានការងារធ្វើនៅក្នុងតំបន់នោះទេ តែថែមទាំងអាចផលិតនូវផលិតផលក្នុងស្រុកស្អាត គុណភាព តម្លៃល្អថែមទៀតផង ៕