
ធនាគារពិភពលោកបានផ្ដល់យោបល់ឱ្យប្រទេសវៀតណាមពិចារណាអនុវត្តពន្ធពិសេស ១៥៥% លើភេសជ្ជៈស្រវឹង ជាការឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកស្លាប់និងឈឺដោយសារគ្រឿងស្រវឹង ។
ធនាគារបានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាម ថា គួរយកពន្ធដាច់ខាត ០,៦៥ដុល្លារក្នុង ១លីត្រនៃគ្រឿងស្រវឹង ដោយបូកបន្ថែមពីលើពន្ធ ៦៥% ក្នុងមួយផលិតផល ដែលកំពុងអនុវត្តស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
ធនាគារពិភពលោកនិយាយថា ការដំឡើងពន្ធនេះគឺដើម្បីទប់ស្កាត់កុំឱ្យការទទួលទានស្រា ឬគ្រឿងស្រវឹងរីករាលដាលខ្លាំងពេក ដែលបើធ្វើបានមែន វិធានការនេះនឹងនាំមកនូវផលវិជ្ជមានសម្រាប់សុខភាពប្រជាជន ។
បច្ចុប្បន្ន ចំនួនអ្នកស្លាប់ដោយសារមូលហេតុទាក់ទិននឹងគ្រឿងស្រវឹង នៅវៀតណាម គឺ ១៤០% ខ្ពស់ជាងអត្រាស្លាប់ជាមធ្យមរបស់ប្រទេសចំណូលមធ្យមកម្រិតទាប ។ កាលពីឆ្នាំ១៩៩០ អត្រាស្លាប់ទាក់ទិននឹងគ្រឿងស្រវឹងរបស់ប្រទេសវៀតណាម គឺមានត្រឹមតែ ៥៩% ធៀបនឹងមធ្យមភាគរបស់ប្រទេសចំណូលមធ្យមកម្រិតទាប ។
ទិន្នន័យពីធនាគារពិភពលោក បង្ហាញថា អត្រាទទួលទានគ្រឿងស្រវឹងដោយប្រជាជនវៀតណាម បានកើនឡើង ១៧៧% នៅចន្លោះពីឆ្នាំ២០០៨ និងឆ្នាំ២០២២ ។
ការកើនឡើងនៃចំនួនអ្នកផឹកនេះ កើតឡើងទោះបីវៀតណាមបានដំឡើងពន្ធលើគ្រឿងស្រវឹងពី ៤៥% ដល់ ៦៥% ក្ដី ដែលនេះបង្ហាញថា ការដំឡើងពន្ធពីមុន នៅមិនទាន់គ្រប់គ្រាន់ដើម្បីកាត់បន្ថយការទទួលទាននៅឡើយ ៕


