
ការចិញ្ចឹមឃ្មុំបែបធម្មជាតិ បច្ចុប្បន្ន កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មិនអាចបំពេញតម្រូវការនៅក្នុងស្រុកបាននៅឡើយទេ ដោយសារតែការផលិតទឹកឃ្មុំនៅមានកម្រិត ខណៈតម្រូវការមានច្រើនលើស ដូច្នេះទើបធ្វើឲ្យមានការនាំចូលទឹកឃ្មុំពីក្រៅដើម្បីបំពេញតម្រូវការមួយចំណែក ។
លោក ឆេង ផារី គឺជាកសិករចិញ្ចឹមឃ្មុំម្នាក់ នៅលើកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លោកមានបទពិសោធន៍ចិញ្ចឹមឃ្មុំប្រមាណជា ៨ឆ្នាំមកហើយ ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកបានជួបបរាជ័យជាច្រើនក្នុងការចិញ្ចឹមឃ្មុំ ប៉ុន្តែ ដោយសារតែតម្រូវការទឹកឃ្មុំក្នុងស្រុកមានច្រើន ហើ់យទីផ្សារធំទូលាយ ទើបការបរាជ័យទាំងនោះបានបង្រៀនលោកក្លាយទៅជាអ្នកចិញ្ចឹមឃ្មុំយ៉ាងចំណាននាពេលនេះ ។

អ្នកចិញ្ចឹមឃ្មុំរូបនេះបានរៀបរាប់ថា «សម្រាប់ការចិញ្ចឹមឃ្មុំគឺជាមុខរបរល្អ មុខរបរល្អមួយ អ៊ីចឹងសព្វថ្ងៃនេះយើងកំពុងមានការខ្វះខាតទឹកឃ្មុំយ៉ាងខ្លាំង ។»
លោកបន្តថា «អ៊ីចឹង តម្រូវការរាល់ថ្ងៃនេះនៅក្នុងស្រុកយើង គឺខ្វះខាតហើយ ប្រសិនបើយើងរួមគ្នា ចងក្រងគ្នាជាក្រុម យើងអាចផលិតទឹកឃ្មុំបានច្រើន គុណភាពល្អ យើងអាចមានទីផ្សារនាំចេញទៅក្រៅប្រទេសបានច្រើន» ។

យ៉ាងណាមិញ បច្ចុប្បន្ន នៅក្នុងកសិដ្ឋានរបស់លោកមានចិញ្ចឹមឃ្មុំប្រមាណជា ៤០០ទូ នៅក្នុងចម្ការគ ដែលអាចប្រមូលផលទឹកឃ្មុំប្រហែល២ទៅ៣ពាន់លីត្រ ។ ក្រៅពីចម្ការគ លោកក៏មានចិញ្ចឹមឃ្មុំនៅក្នុងចម្ការកៅស៊ូថែមទៀតដែរ ដែលអាចប្រមូលផលបានចន្លោះពី ៣ ទៅ ៤ពាន់លីត្រ នៅក្នុងរយៈពេលមួយឆ្នាំនៃការចិញ្ចឹមឃ្មុំ ។
លោកបានបន្តថា សម្រាប់ទឹកឃ្មុំដែលបានប្រមូលមក លោកបានចែកចាយទៅកាន់ ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដោយមានបោះដុំនិងលក់រាយ ពោលគឺមិនត្រឹមតែអាចប្រមូលផលទឹកឃ្មុំបានតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ មានទាំងលម្អងឃ្មុំ ក្រមួនឃ្មុំ និងសាច់ឃ្មុំ ឬកូនឃ្មុំថែមទៀត ដែលអាចលក់នៅលើទីផ្សារបានតម្លៃថ្លៃផងដែរ ។

លោក ឆេង ផារី បានបញ្ជាក់ថា បញ្ហាកង្វះខាតទឹកឃ្មុំផ្គត់ផ្គង់នៅក្នុងស្រុកគឺដោយសារតែអ្នកចិញ្ចឹមឃ្មុំនៅក្នុងស្រុកនៅមិនទាន់ចងក្រងគ្នាជាសហគមន៍បាន ដូច្នេះ តម្រូវការរាល់ថ្ងៃនៅក្នុងស្រុកយើងគឺខ្វះខាតច្រើនណាស់ ហើយប្រសិនបើអ្នកចិញ្ចឹមឃ្មុំទាំងអស់រួមគ្នា ចងក្រងគ្នាជាក្រុមបាន គឺអាចផលិតទឹកឃ្មុំបានច្រើន គុណភាពល្អ ថែមទាំងអាចមានទីផ្សារនាំចេញទៅក្រៅប្រទេសបានច្រើន ៕



