នេះអាចជាដំណឹងល្អមួយដែរសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ! ក្រុមហ៊ុនអាកាសចរណ៍ធូរថ្លៃ AirAsia បើកជើងហោះហើរត្រង់ថ្មីៗមួយចំនួនទៀត ក្នុងនោះមានជើងហោះហើរត្រង់ រវាងកោះភូកេត ប្រទេសថៃ និងខេត្តសៀមរាបរបស់កម្ពុជា ផងដែរ ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។ ការហោះហើរត្រង់ទៅមកកោះភូកេត-ខេត្តសៀមរាបនេះ នឹងមាន ៣ជើងក្នុងមួយសប្ដាហ៍ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។
ហោះហើរត្រង់ កោះភូកេត-សៀមរាប ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
AirAsia កំពុងពង្រីកខ្លួនពេញទំហឹងទៅក្នុងទីផ្សារអន្តរជាតិនានា ដែលមានសក្ដានុពលកំណើនខ្ពស់ ជាពិសេស ប្រទេសកម្ពុជា និងឥណ្ឌា ។
ជើងហោះហើរត្រង់ថ្មី ចំនួន ៣ ដែល AirAsia កំពុងនិងគ្រោងនឹងហោះហើរ រួមមាន បាងកក (ដនមឿង) ទៅ ហៃដ្រាបាដ (Hyderabad) ឥណ្ឌា (ដោយហោះ ៤ជើង ក្នុង១សប្ដាហ៍) ចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤; កោះភូកេត (ថៃ) ទៅខេត្តសៀមរាប កម្ពុជា (ហោះ ៣ជើងក្នុង១សប្ដាហ៍) ចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤; និង ដនមឿង (ថៃ) ទៅកោះភូកុក ឬកោះត្រល់ វៀតណាម ដែលបានចាប់ផ្ដើមរួចហើយ គឺពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។

ការបើកផ្លូវហោះហើរត្រង់ថ្មី «កោះភូកេត-ខេត្តសៀមរាប» គឺឆ្លើយតបទៅនឹងតម្រូវការរបស់ទេសចរបរទេស ដោយផ្ដល់ការហោះត្រង់ពីកោះភូកេតដ៏ល្បីល្បាញរបស់ថៃ ទៅកាន់ក្រុងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់កម្ពុជា ។
ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមនិងល្បីល្បាញបំផុតសម្រាប់ភ្ញៀវទេសចរបរទេស ហើយផ្លូវថ្មីនេះនឹងជួយសម្រួលដល់ភ្ញៀវបរទេសឱ្យកាន់តែងាយស្រួលធ្វើដំណើរទៅមកកោះភូកេត-សៀមរាប អង្គរវត្ត ថែមទៀត ៕