និស្សិតខ្មែរ ឈ្មោះ ឌឿន ឧត្ដម អាយុ ២៥ឆ្នាំ ប្រឈមនឹង​ការ​ជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទ​បើកបរ​បុក​មនុស្ស​ពីរនាក់​ស្លាប់ នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​និស្សិត​រូបនេះ​បើកបរ​ល្មើសនឹង​ភ្លើងស្តុប​ក្រហម និងលើស​ល្បឿន​កំណត់ ។

សារព័ត៌មាន​នៅប្រទេស​អូស្ត្រាលី​បានចុះផ្សាយ​ពី​ឧបទ្ទវហេតុ​នេះ​ ដោយមានទាំង​វីដេអូ​ដ៏គួរ​ឱ្យ​រន្ធត់ បង្ហាញពី​រថយន្ត​ម៉ាក BMW ដែល​បើក​បរ​ដោយ​និស្សិត​ខ្មែរ ឌឿន ឧត្ដម បុក​រថយន្ត​ ហុងដា របស់ជនរងគ្រោះពីរនាក់​ប្ដីប្រពន្ធ​ជនជាតិនេប៉ាល់ ។

បើតាម​ព្រះរាជអាជ្ញាអូស្ត្រាលី ឌឿន ឧត្ដម ជាអ្នក​បើកបរ បានធ្វើដំណើរ​ជាមួយ​អ្នករួមដំណើរម្នាក់ទៀត នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ នៅពេលមើល​ឃើញ​ភ្លើង​ស្តុបពណ៌ក្រហម អ្នករួមដំណើរបានស្រែកប្រាប់ ឌឿន ឧត្ដម ដែលជាអ្នកបើកបរថា «ឈប់ ! មានភ្លើងស្តុប» ប៉ុន្តែ ឌឿន ឧត្ដម មិនត្រឹមតែមិនឈប់ទេ ថែមទាំងជាន់​បន្ថែមល្បឿន រហូតដល់ជិត ២០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។

នៅខណៈនោះ ពីរនាក់ប្ដីប្រពន្ធ​ជនជាតិនេប៉ាល់ដែលចេញពីធ្វើការវេនយប់ កំពុង​ឈប់ឡាននៅចំណុចភ្លើងស្តុបបម្រុងនឹង​បត់ស្ដាំ ក៏ត្រូវ​រថយន្ត​ ឌឿន ឧត្ដម បុកពេញមួយទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗទាំងពីរនាក់ ។

ហេតុការណ៍នេះកើតឡើង​នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ។ ហើយ​នៅលើ​វិថី​ដែលកើតហេតុនោះ ល្បឿនកំណត់ គឺត្រឹម ៧០គីឡូម៉ែត្រក្នុង​មួយម៉ោង ប៉ុន្តែ រថយន្ត BMW របស់ ឌឿន ឧត្ដម បោះពួយ​ក្នុងល្បឿនជិត ២០០គ.មក្នុងមួយម៉ោង ។

បើតាមព្រះរាជអាជ្ញាធរ ឌឿន ឧត្តម អាចប្រឈមនឹងការកាត់ទោស​ដាក់ពន្ធនាគារ ២០ឆ្នាំ ប៉ុន្តែ នឹងត្រូវនិរទេសខ្លួន​ឱ្យ​មក​ជាប់ទោស​នៅប្រទេស​កម្ពុជា​ នៅក្រោយការកាត់ទោសរួច ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version