
និស្សិតខ្មែរ ឈ្មោះ ឌឿន ឧត្ដម អាយុ ២៥ឆ្នាំ ប្រឈមនឹងការជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទបើកបរបុកមនុស្សពីរនាក់ស្លាប់ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីនិស្សិតរូបនេះបើកបរល្មើសនឹងភ្លើងស្តុបក្រហម និងលើសល្បឿនកំណត់ ។
សារព័ត៌មាននៅប្រទេសអូស្ត្រាលីបានចុះផ្សាយពីឧបទ្ទវហេតុនេះ ដោយមានទាំងវីដេអូដ៏គួរឱ្យរន្ធត់ បង្ហាញពីរថយន្តម៉ាក BMW ដែលបើកបរដោយនិស្សិតខ្មែរ ឌឿន ឧត្ដម បុករថយន្ត ហុងដា របស់ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជនជាតិនេប៉ាល់ ។
បើតាមព្រះរាជអាជ្ញាអូស្ត្រាលី ឌឿន ឧត្ដម ជាអ្នកបើកបរ បានធ្វើដំណើរជាមួយអ្នករួមដំណើរម្នាក់ទៀត នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ នៅពេលមើលឃើញភ្លើងស្តុបពណ៌ក្រហម អ្នករួមដំណើរបានស្រែកប្រាប់ ឌឿន ឧត្ដម ដែលជាអ្នកបើកបរថា «ឈប់ ! មានភ្លើងស្តុប» ប៉ុន្តែ ឌឿន ឧត្ដម មិនត្រឹមតែមិនឈប់ទេ ថែមទាំងជាន់បន្ថែមល្បឿន រហូតដល់ជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
នៅខណៈនោះ ពីរនាក់ប្ដីប្រពន្ធជនជាតិនេប៉ាល់ដែលចេញពីធ្វើការវេនយប់ កំពុងឈប់ឡាននៅចំណុចភ្លើងស្តុបបម្រុងនឹងបត់ស្ដាំ ក៏ត្រូវរថយន្ត ឌឿន ឧត្ដម បុកពេញមួយទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗទាំងពីរនាក់ ។
ហេតុការណ៍នេះកើតឡើងនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ។ ហើយនៅលើវិថីដែលកើតហេតុនោះ ល្បឿនកំណត់ គឺត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែ រថយន្ត BMW របស់ ឌឿន ឧត្ដម បោះពួយក្នុងល្បឿនជិត ២០០គ.មក្នុងមួយម៉ោង ។
បើតាមព្រះរាជអាជ្ញាធរ ឌឿន ឧត្តម អាចប្រឈមនឹងការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ ប៉ុន្តែ នឹងត្រូវនិរទេសខ្លួនឱ្យមកជាប់ទោសនៅប្រទេសកម្ពុជា នៅក្រោយការកាត់ទោសរួច ៕


