
អាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា ប្រកាសបន្ថែមជើងហោះហើរថ្មីទៀត ដោយហោះត្រង់ទៅមក ខេត្តសៀមរាប-ប្រទេសសិង្ហុបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះទៅ ។
នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ការហោះហើរត្រង់នេះនឹងមានរៀងរាល់ថ្ងៃ ដោយពីខេត្តសៀមរាប ទៅសិង្ហបុរី ចេញដំណើរនៅម៉ោង ៨ និង ៤៥នាទីព្រឹក និងទៅដល់នៅម៉ោង ១២ថ្ងៃត្រង់ ។ ចំណែកឯពីសិង្ហបុរីមកខេត្តសៀមរាបវិញ ការចេញដំណើរគឺម៉ោង ១២ និង ៤០នាទី រសៀល និងមកដល់ខេត្តសៀមរាប នៅម៉ោង ១៣ និង ៥៥នាទីរសៀល ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ របស់អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បាននិយាយថា «យើងមានផែនការរឹងមាំដើម្បីពង្រីកការហោះហើរច្រើនថែមទៀតទៅមកព្រះរាជាណាចក្រដ៏អស្ចារ្យរបស់យើង នៅពេលអនាគតខាងមុខនេះ ដោយផ្ដល់ជូនភ្ញៀវនូវគុណតម្លៃនិងជម្រើសកាន់តែច្រើនថែមទៀត ។»
កាលពីពេលថ្មីៗនេះ អ៊ែរ អេស៊ា ក៏បានប្រកាសផងដែរពីការហោះហើរត្រង់ទៅមក ខេត្តសៀមរាប-កោះភូកេត ប្រទេសថៃ ដោយនឹងចាប់ផ្ដើមហោះហើរ ៣ជើងក្នុងមួយសប្ដាហ៍ ចាប់ពីចុងខែតុលានេះ តទៅ ។
លោក វិស្សុត បានបន្តថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក អ៊ែរ អេស៊ា ខេមបូឌា បានឃើញមានតម្រូវការនិងឱកាសកើនឡើងសម្រាប់ការបង្កើនចំនួនទីផ្សារអន្តរជាតិសំខាន់ៗ ហើយប្រទេសសិង្ហបុរីជាចំណុចចាប់ផ្ដើមនៃទិសដៅថ្មីៗមួយដែលក្រុមហ៊ុននឹងបើកការហោះហើរទៅកាន់ ក្នុងនោះរួមទាំងលទ្ធភាពបើកផ្លូវហោះហើរត្រង់ទៅមករាជធានីភ្នំពេញ-សិង្ហបុរី ផងដែរ ។
លោក វិស្សុត បាននិយាយថា «យើងប្ដេជ្ញាគាំទ្រវិស័យទេសចរណ៍ និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។» លោកបន្តថា សេវាកម្មថ្មីៗទាំងនេះ នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះរាប់ទាំងការបង្កើតការងារនៅក្នុងវិស័យបដិសណ្ឋាការកិច្ចផងដែរ ៕


