
នៅឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទទួលបានទេសចរបរទេស ៣៥លាន ៩សែននាក់ កើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ។ រីឯចំណូលវិញ គេរំពឹងថា នឹងរកបានប្រហែល ៥៣ពាន់លានដុល្លារ កើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។
ទោះបីមានបញ្ហាទឹកជំនន់នៅតំបន់ខ្លះក្ដី អាជ្ញាធរទេសចរណ៍ថៃ និយាយថា គោលដៅទេសចរណ៍ក្នុង៤ខែចុងក្រោយនៃឆ្នាំនេះ នឹងសម្រេចបានតាមការគ្រោង និងថា ទឹកជំនន់នៅភាគខាងជើងប្រទេសថៃមានផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើវិស័យទេសចរណ៍របស់ប្រទេស ។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា បន្ទាប់ពីមានទឹកជំនន់នៅតំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃ ការិយាល័យអន្តរជាតិរបស់ TAT បានសិក្សាអំពីផលប៉ះពាល់មកលើចំនួនភ្ញៀវទេសចរបរទេស ។ គេរកឃើញថា ទេសចរមកពីប្រទេសចិន និងបណ្ដាប្រទេសអាស៊ានបានផ្អាកផែនការធ្វើដំណើររបស់ពួកគេ ប៉ុន្តែ មិនជាប់ទាក់ទងផ្ទាល់នឹងបញ្ហាទឹកជំនន់ទេ ។ ប៉ុន្តែ គឺដោយសារវាផុតរដូវវិស្សមកាលសិក្សា ដែលជាធម្មតា វិស្សមកាលនេះចាប់ផ្ដើមពីចុងខែមិថុនា ដល់ពាក់កណ្ដាលខែសីហា ។
ស្របពេលជាមួយគ្នានេះ ទេសចរអឺរ៉ុបបានដឹងពីទឹកជំនន់នៅប្រទេសថៃភាគខាងជើង និងគ្រោះបាក់ដីនៅភូកេត ប៉ុន្តែ ពុំមានវិធានការហាមប្រាមការធ្វើដំណើរណាមួយ ដែលត្រូវបានគេអនុវត្តនោះទេ ។
TAT និយាយថា ទឹកជំនន់កើតឡើងនៅខាងក្រៅតំបន់គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ភ្ញៀវបរទេស ដូចជា បាងកក ប៉ាតាយ៉ា ភូកេត ហាត់យ៉ៃ និងឈៀងម៉ៃ ។
បច្ចុប្បន្ន ប្រទេស ៥ ដែលមានប្រជាជនមកលេងថៃច្រើនជាងគេបំផុត រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ៕


