
ប្រទេសថៃបាននាំចូលបន្លែនិងផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗហើយនាពេលនេះ ។
ទិន្នន័យរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ថៃបាននាំចូលបន្លែនិងផ្លែឈើ ក៏ដូចជាកសិផលពីប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១២៣ លានដុល្លារ ពោលគឺកើនឡើងរហូតដល់ទៅ ៧០% បើធៀបនឹងឆ្នាំមុន ។
សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា ប្រទេសថៃបានបង្កើនការបញ្ជាទិញកសិផលច្រើន រួមមាន ផ្លែមៀន គូលែន និងទុរេន ជាពិសេស ទុរេនស្ងួត ។
ប្រទេសថៃ ប្រមូលផលទុរេនរបស់ខ្លួនតាមរដូវកាល ប៉ុន្តែ ប្រទេសវៀតណាមវិញអាចដាំទុរេនបានផលមួយឆ្នាំពេញ ដែលធ្វើឲ្យវៀតណាមមានប្រៀបលើមុខដំណាំមួយនេះ ។
វៀតណាមបានឲ្យដឹងថា ប្រទេសថៃបានបង្កើនការនាំចូលទុរេនពីប្រទេសវៀតណាម ហើយក្នុងនោះ មួយចំណែកត្រូវបានរៀបចំដើម្បីនាំចេញបន្តទៅកាន់ប្រទេសចិន ដែលជាទីផ្សារទុរេនធំបំផុតលើពិភពលោក ។
ទន្ទឹមនឹងនេះ បណ្ដាក្រុមហ៊ុនលក់រាយរបស់ថៃក៏បានបង្កើនការនាំចូលទ្វេដង នូវផ្លែស្រកានាគ មៀន និងគូលែន ពីប្រទេសវៀតណាមថែមទៀតផង ។
បច្ចុប្បន្ន ប្រទេសចិនជាទីផ្សារបន្លែនិងផ្លែឈើធំបំផុតរបស់វៀតណាម ដោយក្នុងនោះ វៀតណាមបាននាំចេញបន្លែនិងផ្លែឈើបានរហូតដល់ទៅ ២៥០០លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែឆ្នាំនេះ ។
ចំណែកឯទីផ្សារសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានបង្កើនការនាំចូលបន្លែ និងផ្លែឈើពីវៀតណាមកាន់តែច្រើនផងដែរ ។ ក្នុងរយៈកាល៨ខែនៃឆ្នាំនេះ វៀតណាមរកចំណូលបានប្រមាណ ៤៦០០លានដុល្លារ ពីការនំាចេញបន្លែនិងផ្លែឈើរបស់ខ្លួន ៕


