
ប្រទេសថៃបានដាក់គោលដៅទាក់ទាញជនជាតិជប៉ុនឲ្យមកលេងប្រទេសផង់ខ្លួន ឲ្យបានយ៉ាងតិច ១លាននាក់ក្នុងឆ្នាំ២០២៤នេះ ។
មន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ បានឲ្យដឹងថា គេកំពុងតែស្វះស្វែងរកវិធីសាស្ត្រនិងមធ្យោបាយធ្វើដូចម្តេចដើម្បីទាក់ទាញឲ្យជនជាតិជប៉ុនមកលេងប្រទេសថៃ ឲ្យបានកាន់តែច្រើន ។
ទន្ទឹមនឹងនេះ ប្រទេសថៃក៏មានគម្រោងពិភាក្សាដើម្បីពង្រឹងកិច្ចសហការផ្នែកទេសចរណ៍ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសជប៉ុនផងដែរ ។
ប្រទេសជប៉ុនមានប្រជាជនប្រមាណ ១២៤លាននាក់ ហើយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤របស់ពិភពលោក ។ មន្ត្រីរបស់ប្រទេសថៃបានចាត់ទុកថា ភ្ញៀវទេសចរជប៉ុនគឺជាភ្ញៀវទេសចរមានគុណភាព ។
កាលពីឆ្នាំមុន ភ្ញៀវទេសចរជប៉ុនដែលមកលេងប្រទេសថៃមានចំនួន ៨០ម៉ឺននាក់ ។
ក្នុងរយៈកាលប្រាំមួយខែមកនេះ ថៃបានទទួលភ្ញៀវទេសចរបរទេសបានចំនួន ១៧,៥លាននាក់ហើយ ហើយក្នុងនោះ ភ្ញៀវទេសចរជប៉ុនមានចំនួនជាង ៤៧ម៉ឺននាក់ ។
ភ្ញៀវទេសចរបរទេសដែលទៅលេងប្រទេសថៃច្រើនជាងគេ គឺមកពីប្រទេសចិន បន្ទាប់មក គឺម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ។
ក្នុងឆ្នាំនេះ ប្រទេសថៃមានគោលដៅរកចំណូលឲ្យបានជាង ៣៨ពាន់លានដុល្លារពីវិស័យទេសចរណ៍របស់ខ្លួន ៕


