អគារចំនួន ១៦៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានប្រេះ ដោយសារតែរញ្ជួយដីកម្លាំង ៧,៧ រិចស្ទ័រ នៅប្រទេសមីយ៉ាន់ម៉ា កាលពីសប្ដាហ៍មុននោះ ។
អាជ្ញាធរក្រុងបាងកកបាននិយាយថា ស្នាមប្រេះ និងការខូចខាតភាគច្រើន គឺកើតមានចំពោះអគារដែលកំពុងសាងសង់ ខណៈអគារកំពុងសាងសង់មួយកម្ពស់ ៣៣ ជាន់ បានដួលរលំបាក់ទាំងស្រុង។
ការដួលរលំអគារ ៣៣ ជាន់នេះ បានធ្វើឲ្យមនុស្សចំនួនជាង ៨០ នាក់ជាប់នៅក្នុងនោះ ដោយមានមនុស្សយ៉ាងតិច ១៣ នាក់បានស្លាប់ ខណៈ ៧៤ នាក់កំពុងបាត់ខ្លួននៅឡើយ បើគិតត្រឹមថ្ងៃទី ០១ ខែមេសានេះ។
អភិបាលក្រុងបាងកក លោក ឆាដឆាត សុទិផាន់ បាននិយាយថា ស្នាមប្រេះលើអគារបែបនេះ ជាសញ្ញាបង្ហាញពីការខូចខាតលើគ្រោងអគារ ។ លោកបានជំរុញដល់ប្រជាពលរដ្ឋរាយការណ៍ក្នុងករណីមានរកឃើញការខូចខាត ឬស្នាមប្រេះណាមួយកើតមានចំពោះអគារផ្សេងៗទៀត ។
ចំណែកឯប្រទេសមីយ៉ាន់ម៉ា ដែលកើតមានគ្រោះរញ្ជួយដីឯណោះវិញ កំពុងជួបការលំបាកដោយសារគ្រោះរញ្ជួយដីមូយនេះ ដែលមានកម្លាំងខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលមួយសតវត្សរ៍មកនេះ ។
ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាង ២ ពាន់នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនេះ បានបង្កើតជារំញ័រយ៉ាងខ្លាំងដល់បណ្ដាប្រទេសផ្សេងទៀត មានដូចជាថៃ និងវៀតណាមជាដើម ។
