
ម្ចាស់ចម្ការទុរេន និងអ្នកជំនាញជាតិនិងអន្តរជាតិ ប្រមាណ ១០០នាក់ បានចូលរួមសិក្ខាសាលាបច្ចេកទេសផលិតកម្មទុរេនខុសរដូវនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
សិក្ខាសាលាស្ដីពីផលិតកម្មទុរេនខុសរដូវនេះ រៀបចំឡើងដោយក្រុមហ៊ុន អាហ្គ្រោហ្វាម៉ាស៊ី ឬហៅ សេះបង្កង់ និងក្រុមហ៊ុនអូលមិច វៀតណាម ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូលមិច គ្រុប ដែលមានមូលដ្ឋានធំនៅប្រទេសបារាំង ។
លោក កង សាវ៉ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាហ្គ្រោហ្វាម៉ាស៊ី ឬហៅ សេះបង្កង់ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ៖ «សិក្ខាសាលាទុរេនខុសរដូវនៅថ្ងៃនេះ គោលបំណងធំ គឺផ្សព្វផ្សាយពីបច្ចេកទេសទុរេនខុសរដូវ ដែលជាទូទៅ យើងអត់ទាន់ធ្វើបាននៅឡើយទេនៅស្រុកយើង ឬក៏យើងបានដែរ បានដោយករណី ប៉ុន្តែ យើងមិនទាន់ផ្សព្វផ្សាយបានទូលំទូលាយ អ៊ីចឹង នៅថ្ងៃនេះ គឺក្រុមហ៊ុនអាហ្គ្រោហ្វាម៉ាស៊ី សេះបង្កង់ យើងសហការជាមួយដៃគូយើងនៅវៀតណាម មាន អូលមិច គ្រុប និង សូហ្វ្រី ហ្នឹង គឺយើងបានធ្វើបច្ចេកទេសហ្នឹងជោគជ័យហើយ នៅក្នុងស្រុកសំឡូត ហើយយើងកំពុងបន្តធ្វើនៅតំបន់មួយចំនួនទៀតនៃខេត្តកោះកុង ដែលជាតំបន់ដែលលំបាក ។ អ៊ីចឹង យើងសង្ឃឹមថា តាមរយៈជោគជ័យនៅតំបន់សំឡូតនេះ យើងនឹងអាចផ្សព្វផ្សាយបច្ចេកទេសនេះទៅដល់កសិករផ្សេងទៀត ជាពិសេស ម្ចាស់ចម្ការទុរេនដែលចង់ធ្វើបច្ចេកទេសហ្នឹងចាប់ពីរដូវកាលក្រោយ» ។
លោក សាវ៉ាង បានបន្តថា វិស័យដំណាំទុរេននៅកម្ពុជាមានសក្ដានុពលច្រើនណាស់ ជាពិសេស សក្ដានុពលនាំចេញទៅប្រទេសចិន ។
នេះជាប្រសាសន៍របស់លោក សាវ៉ាង ៖ «ទាក់ទងនឹងមូលហេតុនៃការឱ្យធ្វើទុរេនខុសរដូវ គឺដូចខ្ញុំបញ្ជាក់ខាងដើមហ្នឹង ទាក់ទងសំខាន់នឹងសេដ្ឋកិច្ចគ្រួសាររបស់ម្ចាស់ចម្ការតែម្ដង ហើយមួយទៀត គឺសេដ្ឋកិច្ចជាតិយើង ។ ព្រោះដោយសារតម្រូវការនៅចិន គឺធំណាស់ យើងឃើញថាប្រទេសចិនគឺនាំចូលទុរេនពី ៨០% ទៅ ៩០% ហើយយើងមើលទិន្នន័យពីឆ្នាំទៅ ដូចជាខ្ទង់ ៨ពាន់លានដុល្លារ នាំចូល ហើយតាមរយៈទិន្នន័យរួមគ្នានៃប្រទេសដែលនាំចេញ ជាពិសេស ថៃ វៀតណាម និងម៉ាឡេ គឺឃើញថា ត្រឹមឆ្នាំ២០៣០ គឺអាចរហូតដល់ ២៥ពាន់លានដុល្លារ ។ បើទោះបីជាប្រទេសចិនខ្លួនឯងគាត់ព្យាយាមដាំ ក៏បរិមាណទទួលបាននិងទិន្នផល ក៏នៅមានកម្រិត គុណភាពក៏នៅមានកម្រិត ។ អ៊ីចឹង យើងនៅតែមានឱកាស ព្រោះវិស័យនេះ គឺធំណាស់ ដែលអាចជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចប្រទេសជាតិយើងផង ។»
លោក ឡៃ វណ្ណារ៉ា គឺជាម្ចាស់ចម្ការទុរេនមកពីស្រុកសំឡូត ខេត្តបាត់ដំបង ។ លោកបាន ជោគជ័យក្នុងការអនុវត្តបច្ចេកទេសទុរេនខុសរដូវ នៅក្នុងចម្ការរបស់លោក ។
លោក វណ្ណារ៉ា រៀបរាប់យ៉ាងដូច្នេះថា «វាពិតជាប្លែក តែបន្ទាប់ពីយើងតាមដាននិងប្រឹងប្រែងដោយអង្កតទៅ យើងគិតថាឆ្នាំក្រោយ ខ្ញុំអាចមានចំណេះបន្ថែមតិចទៀត យើងអាចធ្វើ១០០ដើមនៅខែ៧ ខែ៩ យើងធ្វើ១០០ដើមទៀត ។… ភាគច្រើនទុរេន ជាដំណាំដែលចំណាយដើមទុនខ្ពស់ ទម្រាំដល់ចុងឆ្នាំដែលយើងបានផល ភាគច្រើន យើងដាច់លុយ និយាយឱ្យត្រង់ អ៊ិចឹង យើងអាចមានគន្លាក់ណាមួយ ប្រទាក់គ្នាទៅកុំឱ្យដាច់លុយ ។»
លោក វណ្ណារ៉ា មានជំនឿជឿជាក់យ៉ាងមុតមាំថា លោកនឹងទទួលបានលទ្ធផលល្អតាមការរំពឹងទុក ៖ «ចំពោះខ្ញុំ រំពឹងថានឹងបានផល និងបានទៅដល់គោលដៅរបស់ខ្ញុំដែលខ្ញុំរំពឹង ។ ពិព្រោះទីមួយ ខ្ញុំបានជួបដៃគូជាក់លាក់មួយ ច្បាស់លាស់បច្ចេកទេសមួយដែលមិនលាក់លៀម មានភាពច្បាស់លាស់ជាមួយគ្នានឹងគ្នា ហើយគោលការណ៍ដែលធ្វើ មិនមែនពឹងតែបច្ចេកទេសទេ វាមានបី ទីមួយ ដៃគូរបស់យើង ទីពីរផលិតផល ទីបីម្ចាស់ចម្ការខ្លួនឯងត្រូវតែប្រឹងរៀនសូត្រដែរ បើពឹងតែពីរអត់កើតទេ ដូចមុំចង្ក្រានអ៊ីចឹងបាទ ។»
គួរបញ្ជាក់ថា សិក្ខាសាលាបច្ចេកទេសទុរេនខុសរដូវនេះ មានការចូលរួមពីវាគ្មិនសំខាន់ៗ រួមមាន អ្នកជំនាញស្រាវជ្រាវនិងជាអ្នកបច្ចេកទេសទុរេនខុសរដូវ មកពីវិទ្យាស្ថានស្រាវជ្រាវដំណាំឈើហូបផ្លែភាគខាងត្បូងវៀតណាម ហៅកាត់ SOFRI, ប្រធានបច្ចេកទេសមកពីក្រុមហ៊ុន អូលមិច វៀតណាម, អ្នកជំនាញជាន់ខ្ពស់មកពី អូលមិច គ្រុប និងគ្រូបច្ចេកទេសក្រុមហ៊ុនសេះបង្កង់ ៕


