
នៅឆ្នាំ២០២៤នេះ ប្រទេសវៀតណាមបាននាំចូលបន្លែផ្លែឈើកើនឡើងយ៉ាងច្រើន ពីប្រទេសចិនដែលនៅជិតខាង ។
ជាក់ស្ដែង ក្នុងពេល ៩ខែនៃឆ្នាំនេះ វៀតណាមនាំចូលបន្លែផ្លែឈើពីចិន គិតជាទឹកប្រាក់ជិត ៧០០លានដុល្លារ ដែលកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ។
សារព័ត៌មានវៀតណាម ផ្សាយថា បន្លែផ្លែឈើសំខាន់ៗដែលវៀតណាមនាំចូលពីចិន រួមមាន ផ្លែប៉ោម ទំពាំងបាយជូរ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង និងដំឡូង ដែលជារឿយៗ ផលិតផលទាំងនេះថោកជាងផលិតផលដូចគ្នាពីបណ្ដាប្រទេសផ្សេងទៀត ពី ១០% ទៅ ៣០% ។
កន្លងមក ផ្សារលក់រាយនៅវៀតណាមធ្លាប់តែនាំចូលផលិតផលទាំងនេះ ពីអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ប៉ុន្តែ ថ្មីៗចុងក្រោយនេះ ពួកគេក៏បានបន្ថែមការនាំចូលពីប្រទេសចិនផងដែរ ។
ជាឧទាហរណ៍ គ្រាន់តែផ្សារកសិកម្ម ធូ ឌុកមួយ ដែលស្ថិតនៅទីក្រុងហូជីមិញ បាននាំចូលបន្លែផ្លែឈើជាង ៨ម៉ឺន ៨ពាន់តោន ពីប្រទេសចិន នៅឆ្នាំ២០២៤នេះ ។
ការហូរចូលនៃបន្លែផ្លែឈើចិនមកក្នុងប្រទេសវៀតណាម គឺដោយសារតែថ្លៃដឹកជញ្ជូនថោក និងកិច្ចព្រមព្រៀងមិនយកពន្ធ រវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានសម្រាប់ការនាំចូល ៕


