
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិសាអាហារពេលព្រឹកជាមួយអ្នកឧកញ៉ា ម៉ុង ឫទ្ធី ពិភាក្សាអំពីការផលិតជីសរីរាង្គ (ជីកសិកម្មធម្មជាតិ) នៅក្នុងស្រុក លក់ចែកជូនដល់កសិករ ក្នុងតម្លៃទាបជាងជីនាំចូលពីបរទេស ។
នេះបើយោងតាមសំណេររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ វិច្ឆិកានេះ ។
ជំនួបអាហារពេលព្រឹកនេះមានរយៈពេល ១ម៉ោង ១៥នាទី ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងអរគុណសម្ដេចធិបតីដែលបានផ្ដល់ឱកាសពាក់ព័ន្ធនឹងវិស័យផលិតជីសរីរាង្គនេះដល់រូបលោក ។
អ្នកឧកញ៉ាបាននិយាយថា លោកនឹងប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីអនុវត្តតាមអនុសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកបម្រើប្រជាជនលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ ។
គួរបញ្ជាក់ថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាមហាសេដ្ឋីមួយរូបដែលល្បីល្បាញខាងវិស័យកសិកម្ម និងចិញ្ចឹមសត្វ ព្រមទាំងវិស័យទេសចរណ៍ធម្មជាតិ ។
ប្រទេសកម្ពុជាត្រូវបានគេរាយការណ៍ថា បាននាំចូលជីកសិកម្មដ៏ច្រើនពីក្រៅប្រទេស ដែលមានតម្លៃខ្ពស់ ហើយមួយផ្នែកនៃថ្លៃដើមខ្ពស់របស់កសិករត្រូវបានបន្ទោសទៅលើថ្លៃជីកសិកម្មនាំចូលនេះឯង ។
បច្ចុប្បន្ន ការផលិតជីសរីរាង្គនៅក្នុងស្រុកក៏មានខ្លះដែរ ប៉ុន្តែ ក្នុងបរិមាណតិចតួចនៅឡើយ ដែលមិនអាចឆ្លើយតបនឹងតម្រូវការនៃវិស័យកសិកម្មទាំងមូល ។
ដូច្នេះ ប្រសិនបើមានមហាសេដ្ឋីក្នុងស្រុកបោះទុនវិនិយោគផលិតជីកសិកម្មក្នុងស្រុកបានបរិមាណច្រើន និងលក់ក្នុងតម្លៃទាបជាងការនាំចូល គេអាចរំពឹងថា ថ្លៃដើមរបស់កសិករនឹងថយចុះទៅតាមហ្នឹងដែរ ហើយវានឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាមានភាពប្រកួតប្រជែងតម្លៃទីផ្សារប្រសើរជាងមុនផងដែរ ៕


