
វៀតណាមនាំចូលស្រូវអង្ករយ៉ាងច្រើនលើសពេលណាៗទាំងអស់ក្នុងរយៈកាល ៩ខែនៃឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ ។
វៀតណាមជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតលំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីឥណ្ឌានិងថៃ ប៉ុន្តែ ក្នុងរយៈកាល៩ខែឆ្នាំនេះ វៀតណាមក៏បាននាំចូលស្រូវអង្ករច្រើនផងដែរ ដោយបានកើនឡើងរហូតដល់ទៅ ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
អ្នកពាក់ព័ន្ធវិស័យស្រូវអង្កររបស់វៀតណាមបាននិយាយថា កសិករវៀតណាមកំពុងផ្ដោតលើពូជស្រូវដែលមានតម្លៃខ្ពស់សម្រាប់ការនាំចេញ ដូច្នេះ បណ្ដាក្រុមហ៊ុនក្នុងស្រុកបានបង្កើនការនាំចូលស្រូវអង្ករដែលមានតម្លៃធូរថ្លៃសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ។
ឈ្មួញស្រូវអង្ករមួយរូបនៅវៀតណាមខាងត្បូង បាននិយាយថា គេបាននាំចូលស្រូវអង្ករច្រើនជាងមុនរហូតដល់ទៅ ៣០% ដែលភាគច្រើន គឺនាំចូលមកពីកម្ពុជា ។
វៀតណាមនាំចូលស្រូវអង្ករភាគច្រើនពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប៉ាគិស្ថាន ដែលមានតម្លៃធូរថ្លៃ ដែលសមស្របសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសម្រាប់អ្នកផលិតចំណីសត្វ ដែលអង្ករទាំងនោះមានតម្លៃចន្លោះពី ៤៨០ ទៅ ៥០០ ដុល្លារក្នុងមួយតោន ។
ចំណែកឯតម្លៃអង្ករវៀតណាមនាំចេញវិញបានហក់ឡើងដល់ទៅ ៦២៤ ដុល្លារក្នុងមួយតោន ។ កាលពីឆ្នាំមុន វៀតណាមនាំចូលស្រូវអង្ករគិតជាទឹកប្រាក់ប្រមាណ ៨៦០ លានដុល្លារ ៕


