កម្ពុជា​មាន​សក្តានុពល​ដ៏​ធំធេង ដែល​វិស័យ​កសិកម្ម​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច ។ កសិករ​រាប់​លាន​នាក់​ពឹងផ្អែក​លើ​វិស័យនេះ​ដើម្បី​ទ្រទ្រង់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ ប៉ុន្តែ នៅក្នុង​ការធ្វើ​កសិកម្ម​ក៏មាន​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ដែលនាំ​ឱ្យ​កសិករ​ត្រូវការ​ជំនួយ​ដើម្បី​ទប់ទល់ ។

មើល​ឃើញ​កត្តា​ទាំង​នេះ លោក ស្រ៊ុន ម៉ានិត បាន​ចាប់​ផ្តើម​អាជីវកម្ម​ជា​ដេប៉ូជី​ថ្នាំ​កសិកម្ម​ឈ្មោះ​ដេប៉ូ ឈន ចន្ធូ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រកបអាជីវកម្មនេះអស់រយៈពេល ១២ ឆ្នាំមកហើយ ។ លោកបានចែករំលែកពីបទពិសោធន៍ក្នុងនាមជាដេប៉ូ ដល់អ្នកដែលមានបំណងប្រាថ្នាចង់ប្រកបរបរមួយនេះ ។

លោក ម៉ានិត បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ចង់​រកស៊ីខាងលក់ជីថ្នាំកសិកម្ម ទីមួយគឺបច្ចេកទេស ត្រូវតែមានបច្ចេកទេស ទីពីរ ជ្រើសរើសផលិតផលដែលមានគុណភាពល្អ ទីបី គឺក្រុមហ៊ុន ក្រុមហ៊ុនណាដែលយើងគិតថា អាចនាំផលិតផលពីក្រៅប្រទេសមក ហើយនិងផលិតផលដែលល្អៗច្រើនមកហ្នឹង អាចលក់បានហើយ ។»

លោក ស្រ៊ុន ម៉ានិត ម្ចាស់​ដេប៉ូ​ជីថ្នាំកសិកម្ម ឈន ចន្ធូ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្ហាញ​ផលិតផលជីថ្នាំ​ដល់​កសិករ ។

ម្ចាស់ដេប៉ូជីថ្នាំកសិកម្ម វ័យជាង ៣០ឆ្នាំ បានបន្តថា «ដើម្បីឲ្យក្លាយជាដេប៉ូមួយដែលរឹងមាំ ហើយកសិករទុកចិត្តទីមួយ គឺយើងជ្រើសរើសក្រុមហ៊ុនដែលមានប្រភពច្បាស់លាស់ ហើយនិងថ្នាំដែលមានគុណភាពល្អ ហើយទីបី គឺបច្ចេកទេស ក្រុមហ៊ុនដែលមានបច្ចេកទេស ដើម្បីបង្រៀនប្រាប់ដល់ដេប៉ូបន្ថែម ដើម្បីដេប៉ូមានចំណេះដឹងទៅប្រាប់ដល់កសិករបន្ថែមទៀត ។»

ការកសាងទំនុកចិត្តជាកត្តាស្នូលនៅក្នុងការប្រកបរបរនេះព្រោះកសិករទាំងអស់មិនសុទ្ឋតែយល់ដឹងពីបច្ចេកទេសជីថ្នាំកសិកម្មទេដូច្នេះហើយទើបពួកគាត់ត្រូវការជំនួយពីអ្នកចែកចាយ ។ ដោយសារតែ លោក ស្រ៊ុន ម៉ានិត យល់ច្បាស់ពីកត្តាទាំងនេះហើយ ទើបដេប៉ូជីថ្នាំរបស់លោក​ទទួលបានការទុកចិត្តពីកសិករទាំងខ្នាតតូចខ្នាតធំនៅក្នុងតំបន់ត្រែងត្រយឹង និងគិរីរម្យ ។

លោក ម៉ានិត លើកឡើងយ៉ាងដូច្នេះថា «រាល់ថ្ងៃ គាត់[កសិករ]ទុកចិត្ត គាត់ទុកចិត្តដេប៉ូខ្ញុំ ដោយសារ ដូចខ្ញុំប្រាប់អ៊ីចឹង ទីមួយ ផលិតផលដែលមានគុណភាព ទីពីរ គឺក្រុមហ៊ុនដែលច្បាស់លាស់ ហើយល្អ ។» «ក្រៅពីហ្នឹង ខ្ញុំជួយទៅលើបច្ចេកទេស បច្ចេកទេសថ្មីៗដែលសិក្សាថ្មីៗពីក្រុមហ៊ុនផ្សេងៗច្រើនមក ហើយជួយគាត់ តាមហ្នឹងបាទ តាមដែលគាត់មានផលវិបាកអីផ្សេងៗហ្នឹង យើងរុករកបច្ចេកទេស ហើយនិងថ្នាំថ្មីៗមក ដើម្បីជួយទៅដល់កសិករ ។»

កសិករជាអតិថិជនរបស់លោកមានច្រើនប្រភេទ និងច្រើនទំហំ មានទាំងអ្នកដាំបន្លែបង្កា ដំណាំផ្សេងៗ រហូតដល់ចម្ការធំៗ មានតាំងពីផ្ទៃដីតិចហិកតា រហូតដល់ទៅ រយហិកតា ។

ចម្ការស្វាយនៅគិរីរម្យនេះជា​អតិថិជន​របស់​ដេប៉ូជីថ្នាំកសិកម្ម ឈន ចន្ធូ ។

ក្រៅពីទទួលជោគជ័យក្នុងអាជីវកម្មហើយ លោកក៏បានសម្ដែងក្ដីរំភើបដែលបានរួមចំណែកដល់ភាពជោគជ័យរបស់កសិករដែរ ៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំលក់នេះ គឺខ្ញុំគិតថា ខ្ញុំចង់ជួយកសិករឲ្យបានច្រើន ឲ្យកសិករគាត់មានចំណេះដឹងខាងកសិកម្ម ។ តែកាលណាយើងជួយគាត់ឲ្យមានចំណេះដឹងខាងកសិកម្ម ពេលដែលគាត់ធ្វើ គាត់ផលិតទៅ មុនដំបូងគាត់ធ្វើក្នុងទ្រង់ទ្រាយតិច តែកាលណាគាត់ជោគជ័យ គាត់នឹងពង្រីក ពង្រីកធ្វើថែម ធ្វើក្នុងទ្រង់ទ្រាយធំទៅ យើងជាអ្នកលក់ក៏អាចថា លក់បានច្រើនជាងមុនដែរ ។»

ហើយ បច្ចុប្បន្ន កសិករអាចទទួលបានផលិតផលគ្រប់ប្រភេទដែលអាចផ្តល់ទំនុកចិត្តខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានចំពោះដំណាំរបស់ខ្លួន ។

លោក ម៉ានិត រៀបរាប់ពីផលិតផលរបស់លោក យ៉ាងដូច្នេះថា ៖ «ខ្ញុំមានលក់ក្រុមហ៊ុនច្រើន ប៉ុន្តែ មួយរយៈចុងក្រោយនេះ ខ្ញុំមានលក់ក្រុមហ៊ុនអង្គរហ្គ្រីន ។ ក្រុមហ៊ុនអង្គរហ្គ្រីន គឺគាត់មានថ្នាំ ច្រើនមុខ មានដូចជាថ្នាំជំងឺ ថ្នាំប៉ូវ និងថ្នាំសត្វល្អិត ហើយនិងថ្នាំដង្កូវ ។»

លោក ម៉ានិត បន្តថា «ជាទូទៅផលិតផលរបស់ក្រុមហ៊ុនអង្គរហ្គ្រីន គឺនាំពីប្រទេសអឺរ៉ុបផង មកពីចិនផង និយាយទៅ កសិករដែលបានប្រើហើយ គឺថា គាត់ចង់ប្រើទៀត ជំងឺចំជំងឺ ប៉ូវចំប៉ូវ ដង្កូវចំដង្កូវ ផលិតផលគាត់ល្អ»

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version