
តម្លៃក្នុងស្រុកសម្រាប់អង្ករថៃបានចាប់ផ្ដើមធ្លាក់ចុះហើយ ក្រោយពេលដែលប្រទេសឥណ្ឌាបានចាប់ផ្ដើមនាំចេញអង្កររបស់ខ្លួនឡើងវិញ ។
ទោះជាយ៉ាងណា ប្រធានកិត្តិយសសមាគមនាំចេញអង្កររបស់ថៃ បាននិយាយថា បើទោះបីជាមានការប្រែប្រួលបែបនេះក៏ដោយ ក៏ពុំមានការប៉ះពាល់ទៅលើបរិមាណនាំចេញអង្កររបស់ថៃនៅក្នុងឆ្នាំនេះដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ប្រទេសឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្កររបស់ខ្លួន ក្រោយពេលបានហាមឃាត់ការនាំចេញអស់រយៈពេលជាងមួយឆ្នាំ ដើម្បីបម្រុងសម្រាប់ការប្រើប្រាស់ក្នុងស្រុក ។
សមាគមនាំចេញអង្កររបស់ថៃ បាននិយាយថា នៅពេលនេះ ទាំងអ្នកបញ្ជាទិញ និងអ្នកលក់កំពុងតែវាយតម្លៃលើឥទ្ធិពលដែលឥណ្ឌាបង្កើនការនាំចេញអង្កររបស់ខ្លួនឡើងវិញ ហើយគេនៅពុំទាន់ដឹងច្បាស់នៅឡើយទេថាតើអ្នកនាំចេញអង្ករឥណ្ឌាលក់អង្ករក្នុងតម្លៃប៉ុន្មាននោះ ។
ប្រទេសថៃរំពឹងថា នឹងសម្រេចគោលដៅនាំចេញអង្ករឲ្យបាន ៨,៥លានតោននៅក្នុងឆ្នាំនេះ ហើយរំពឹងថា ឆ្នាំក្រោយនឹងនាំចេញបានត្រឹមតែ ៦លានតោនប៉ុណ្ណោះ ៕


