ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋីកំពូល​អាមេរិក Elon Musk កំពុង​​បង្ហាញពី​បំណង​ចង់​បោះទុនវិនិយោគ​​ក្នុង​ទឹកប្រាក់ ១៥០០លានដុល្លារ ដើម្បី​នាំ​យក​អ៊ីនធើណិត​ផ្កាយ​រណប​​មក​កាន់​ប្រទេសវៀតណាម ។

នេះ​បើ​តាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម

ក្រុមហ៊ុន​ SpaceX បាន​ចាប់ផ្ដើម​ផ្ដល់​សេវាអ៊ីនធើណិត​ផ្កាយរណប Starlink កាលពី​ ៥ឆ្នាំមុន ហើយគិត​មកដល់សព្វថ្ងៃ ក្រុមហ៊ុន​បាន​បង្ហោះ​ផ្កាយ​រណប​ ៦០០០​គ្រឿង ដែលស្ទើរតែគ្របដណ្ដប់​សព្វទិសទី​នៅ​ជុំវិញ​ពិភព​លោក ។

ថ្មីៗនេះ អគ្គលេខាធិការបក្ស​កុំម្មុយនិស្ត​​និង​ជាប្រធានាធិបតី​វៀតណាម លោក តូ ឡាំ ​បាន​អនុញ្ញាត​ឱ្យ​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន SpaceX របស់ Elon Musk ចូលជួប​សម្ដែង​ការគួរសម ។ ក្នុងជំនួបនោះ មន្ត្រី​ក្រុមហ៊ុន​ SpaceX បង្ហាញពី​បំណងរបស់​ក្រុមហ៊ុន​ដែល​​ចង់​រកស៊ី​នៅ​ប្រទេសវៀតណាម ។

លោកប្រធានាធិបតី​វៀតណាម បាននិយាយថា រដ្ឋាភិបាលវៀតណាមកំពុងសិក្សា​លើ​សំណើ​របស់​ក្រុមហ៊ុន SpaceX ដោយ​លោក​បន្ថែមថា លោករំពឹងថា សេវាអ៊ីនធើណិត​ផ្កាយ​រណប​នឹង​ជួយ​វៀតណាមក្នុងការឆ្លើយតប​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅពេលអនាគត ។

កាលពីដើម​ខែនេះ ក្រុមហ៊ុន SpaceX ក៏បានប្រាប់​នាយករដ្ឋមន្ត្រី​វៀតណាម​ផង​ដែរថា ខ្លួន​បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការនាំយក​អ៊ីនធើណិត Starlink ចូល​មក​ប្រទេសវៀតណាម ។

កាលពីដើមឆ្នាំ២០២៣ SpaceX បានចាប់ផ្ដើម​ផ្ដល់​សេវាអ៊ីនធើណិត Starlink នៅក្នុងប្រទេសហ្វ៊ីលីពីន និង​ម៉ាឡេស៊ី ។ រីឯ​ប្រទេសថៃ និងវៀតណាមវិញ វិបសាយ​ក្រុមហ៊ុន​​បាន​សរសេរ​ថា «កំពុង​រង់ចាំ​ការអនុញ្ញាត​ផ្លូវច្បាប់» ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version