
អាកាសចរណ៍ជាតិរបស់វៀតណាម វៀតណាមអ៊ែរឡាញស៍ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផ្លូវហោះហើរថ្មី ហោះត្រង់ទៅមក ហាណូយ-ភ្នំពេញ ពីចុងខែតុលា ឆ្នាំ២០២៤តទៅ ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
ផ្លូវហោះហើរត្រង់ថ្មីនេះ គ្រោងដំណើរការ ៤ ជើងក្នុងសប្ដាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។
ផ្លូវហោះហើរថ្មីនេះនឹងបន្ថែមជម្រើសដល់អ្នកធ្វើដំណើរ ទៅមករវាងប្រទេសវៀតណាម និងកម្ពុជា ដែលនឹងនាំឱ្យចំនួនសរុបជើងហោះហើររវាងប្រទេសទាំងពីរកើនឡើងដល់ ៨៦ជើងក្នុងមួយសប្ដាហ៍ ។
ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីនេះ អ្នកធ្វើដំណើរទៅមកទីក្រុងហាណូយ និងភ្នំពេញ នឹងចំណាយពេលតែជាង ២ម៉ោងបន្តិចប៉ុណ្ណោះ ។
គេរំពឹងថា ជើងហោះហើរត្រង់ថ្មីនេះក៏នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងបណ្ដាញពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ដោយបង្កើតនូវភាពទាក់ទាញសម្រាប់ការធ្វើដំណើររបស់ទេសចរមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងបណ្ដាប្រទេសនៅអឺរ៉ុប ដែលធ្វើដំណើរមកកាន់វៀតណាម ហួសមកកម្ពុជា និងគោលដៅដទៃទៀតនៅក្នុងតំបន់ ៕


