
នៅថ្ងៃចន្ទនេះ រដ្ឋសភាវៀតណាមបានអនុម័តការបណ្ដេញឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែង នៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ខ្លួន ។
សារព័ត៌មានវៀតណាមបានផ្សាយថា គណៈកម្មាធិការមជ្ឈិមបក្សបានបណ្ដេញលោក ខៃ ចេញពីតំណែងលេខាបក្ស និងសមាជិកគណៈកម្មាធិការមជ្ឈិម កាលពីថ្ងៃទី៣ ខែសីហា ដោយនិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះរំលោភច្បាប់គណបក្សនិងច្បាប់ប្រឆាំងអំពើពុករលួយ ព្រមទាំងទោសកំហុសផ្សេងៗទៀត ខណៈលោកនៅកំពុងកាន់តំណែង ។
លោក ខៃ អាយុ ៦០ឆ្នាំ បានបម្រើការងារជាអនុប្រធានសវនកម្មរដ្ឋ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លាវ និងជាលេខាគណៈកម្មាធិការបក្សខេត្តបាក់លាវ ។
កាលពីខែតុលា ឆ្នាំ២០១៧ លោក ខៃ ត្រូវបានតែងតាំងជាអគ្គាធិការនៃអគ្គាធិការដ្ឋានរដ្ឋ នៅមុនពេលឡើងតំណែងជាឧបនាយករដ្ឋមន្ត្រីនៅខែមេសា ឆ្នាំ២០២១ ។ ក្នុងតួនាទីរបស់លោក លោក ខៃ មើលខុសត្រូវកិច្ចការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ៕
(អត្ថបទប្រែសម្រួលពីសារព័ត៌មានបរទេស)


