
ក្នុងខែកក្កដានេះ វៀតណាមទទួលភ្ញៀវទេសចរបរទេសបាន ១លាន ១៥ម៉ឺននាក់ ។ តួលេខនេះកើនឡើង ១១% បើធៀបនឹងខែកក្កដា ឆ្នាំកន្លងទៅ ។
គិតជាសរុប ពីខែមករា ដល់ខែកក្កដា ភ្ញៀវទេសចរបរទេស ៩លាន ៩៨ម៉ឺននាក់ បានទៅទស្សនាប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
មកលេងប្រទេសវៀតណាមច្រើនជាងគេបំផុត គឺទេសចរកូរ៉េខាងត្បូង ដោយឈរលេខរៀងទី១ ។ លេខរៀងទី២ គឺចិន ទីបី តៃវ៉ាន់ ទីបួនអាមេរិក និងទីប្រាំជប៉ុន ។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម ក្នុងពេល ៧ខែនៃឆ្នាំ២០២៤នេះ កូរ៉េខាងត្បូង ២លាន ៥៩ម៉ឺននាក់, ចិន ២លាន ១សែននាក់, តៃវ៉ាន់ ៧៣ម៉ឺននាក់ អាមេរិក ៤៧ម៉ឺន៨ពាន់នាក់ និងជប៉ុន ៣៨ម៉ឺននាក់ បានមកទស្សនាប្រទេសវៀតណាម ។
ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេង ប្រទេសនានានៅក្នុងតំបន់បាននិងកំពុងប្រកួតប្រជែងគ្នាក្នុងការលើកលែងទិដ្ឋាការដល់ទេសចរបរទេស ។
វៀតណាមបានលើកលែងទិដ្ឋានដល់ប្រជាជនមកពី ២៥ប្រទេស ។ ម៉ាឡេស៊ីនិងសិង្ហបុរីលើកលែងទិដ្ឋានដល់ ១៦២ប្រទេស ។ ហ្វ៊ីលីពីន លើកលែងទិដ្ឋាការ ដល់ ១៥៧ប្រទេស និងថៃ លើកលែកទិដ្ឋាការដល់ ៩៣ប្រទេស ។
នៅថៃក្បែខាង ប្រទេសសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ ទទួលស្វាគមន៍ទេសចរបរទេសបានជាង ២០លាននាក់ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ៕


